ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៣០០គ្រួសារ នៅស្រុកគាស់ក្រឡ និង២០០គ្រួសារនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង


នាព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេច ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៣០០គ្រួសារ នៅស្រុកគាស់ក្រឡ និង២០០គ្រួសារនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសសើរដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សីទាំងអស់ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តអនុវត្តន៍ជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។