ពលរដ្ឋជាង១ពាន់គ្រួសារ រងផលប៉ះពាល់ទឹកជំនន់នៅស្រុកបន្ទាយមាស ខេត្តកំពត, អាជ្ញាធរចុះវាយតម្លៃផលប៉ះពាល់ និងត្រៀមវិធានការសង្គ្រោះ


ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យស្វែងយល់ និងវាយតម្លៃពីផលប៉ះពាល់ជំនន់ទឹកភ្លៀង លើដំណាំស្រែចំការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ពិសេសក្នុងស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលខេត្ត និងរាជធានីចំនួន១៩ បាននិងកំពុងជួបប្រទះ និងរងផលប៉ះពាល់។

សម្ដេចទាំងទ្វេតែងតែផ្ដាំផ្ញើ និងជំរុញដល់អាជ្ញាធរខេត្តក្រុងស្រុកកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ សហការគ្នាត្រៀម និងជួយអន្តរាគមន៍ ក្នុងហេតុការណ៍ចៃដន្យណាមួយ កើតឡើងឲ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះខេត្តកំពត នៅមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។ តែបើទោះបីជាយ៉ាងនេះក្ដី លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អាជ្ញាធរស្រុកឃុំកងកម្លាំង និងអ្នកពាក់ព័ន្ធ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងបន្តការតាមដាន ពីអាកាសធាតុ ឬជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានជាប្រចាំហើយបើមាន ហេតុការណ៍អ្វី ត្រូវតែចុះជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ឬរាយការណ៍មកថ្នាក់ខេត្ត ដើម្បីមានវិធានការដោះស្រាយបន្ទាន់ ជួយដល់ប្រជាពលរដ្ឋ ដោយមិនធ្វេសប្រហែស ឬមើលស្រាលឡើយ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរឃុំស្រុក ធ្វើរបាយការណ៍ឲ្យបានជាក់លាក់ពីផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចាត់វិធានការដោះស្រាយ ទាំងស្បៀងអាហារ និងស្ដារផ្ទៃដីកសិកម្មឡើងវិញ ឲ្យបានទាន់ពេលវេលា។ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ខេត្តកំពតមានផលប៉ះពាល់តិចតួចនៅក្នុងស្រុកបន្ទាយមាស។

តាមការពិនិត្យជាក់ស្តែងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់តិចតួចពីទឹកជំនន់ មានចំនួន ១០៣០គ្រួសារ ដែលនឹងត្រូវបានទទួលអំណោយពីរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តកំពត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។

ក្រោយពីជួរថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធ បានពិនិត្យផលប៉ះពាល់ទឹកជំនន់ នៅក្នុងភូមិសាស្រ្តខាងលើរួចមក ក៏បានបន្តដំណើរទៅពិនិត្យទីតាំងសម្រាប់ត្រៀមផ្តល់គ្រឿងឧបភោគ បរិភោគ ជូនគ្រួសាររងផលប៉ះពាល់ ដោយទឹកជំនន់ នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ផងដែរ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាជំនន់ទឹកភ្លៀងប៉ះពាល់ ដូចខាងក្រោម៖

* ប៉ះពាល់១៩ រាជធានី-ខេត្ត ស្មើ៩១ក្រុង/ស្រុក/ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ
* ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់
* ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់
ប្រជាជនស្លាប់២៥នាក់
* ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង
* សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង
* ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៦៧ គីឡូម៉ែត្រ
* ទំនប់ ប៉ះពាល់ប្រមាណ ២៤ គីឡូម៉ែត្រ
* ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ
* ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១.៦ គីឡូម៉ែត្រ
* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥.៩ គីឡូម៉ែត្រ៕