សាលារាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភអង្ករចំនួន១០០តោនពីឧកញ៉ា ទ្រី ភាព ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់


សាលារាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករ ចំនួន១០០តោនពីឧកញ៉ា ទ្រី ភាព ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

អង្ករទាំង១០០តោននេះ សាលារាជធានីភ្នំពេញនឹងយកទៅប្រើសម្រាប់ចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស២៥នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង៣១ម៉ឺននាក់៕