មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ ជនមានពិការភាព នឹងទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែប បន្ទាប់ពីរាជរដ្ឋាភិបាល អនុវត្តកម្មវិធីអត្ថសញ្ញាណកម្មពិការភាព


(ស្ទឹងត្រែង)៖ តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ជនមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែប បន្ទាប់ពី រាជរដ្ឋាភិបាលអនុវត្តកម្មវិធីអត្ថសញ្ញាណកម្មពិការភាព ដោយប្រើបច្ចេកវិទ្យាឌីជីថល ក្នុងខែតុលានេះ ដោយចាប់ផ្តើមជុំទី១ នៅខេត្តចំនួន៨ខេត្តរួមមាន៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ឯកឧត្តម សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តអំពី ការកំណត់អត្តសញ្ញាណកម្ម ពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដោយប្រើបច្ចេកវិទ្យាឌីជីថល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តនៃខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា។

ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា តាមរយៈគោលការណ៍ណែនាំអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជនមានពិការភាពនឹងទទួលបានប័ណ្ណសំគាល់ពិការភាព និងបានបង្ហាញយ៉ាងច្បាស់នូវសារប្រយោជន៍នៃកម្មវិធីអត្តសញ្ញាណកម្មពិការភាព ដែលក្នុងនោះមានដូចជា ការជួយសម្រួលដល់ការទទួលបានការគាំទ្រផ្នែកសេវាគាំពារសង្គម និងជំនួយសង្គម អាទិភាពការងារក្នុងស្ថាប័នរដ្ឋនិងឯកជន ការធ្វើដំណើដោយប្រើមធ្យោបាយសាធារណៈ សម្រួលក្នុងការចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៅគ្រប់កម្រិតសិក្សាការចូលទស្សនា ទីកន្លែងកម្បាន្ត ការសម្រួលក្នុងការទទួលបានសេវាសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការលើកទឹកចិត្តផ្នែកពន្ធដារស្របតាមច្បាប់ ជាធរមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរនិងការងារប្រកបដោយបរិយាបន្ន សកម្មភាពសិល្បៈ និងកីឡាជនមានពិការភាព។ល។

ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្តន៍កម្មវិធីនេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យជនមានពិការភាពនៅទូទាំងប្រទេស ការផ្តល់សេវាដល់ជនមានពិកការភាពកាន់តែប្រសើរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជនមានពិការភាពក្រីក្រកាន់តែងាយស្រួល និងមានប្រសិទ្ធិភាព ដែលជាការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ សម្រាប់ជនមានពិការភាព៕