ឯកឧត្តម ជា ចាន់តូ៖ នៅពេលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរីកចម្រើនជឿនលឿន ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវកែលម្អជាបន្តបន្ទាប់


ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅពេលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវកែលម្អជាបន្តបន្ទាប់។

ជាក់ស្ដែងធនាគារជាតិនៃកម្ពុជាត្រូវធ្វើកំណែទម្រង់អគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីធានាបាននូវសុខភាព និងនិរន្តរភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយមន្រ្តី-បុគ្គលិក អគ្គនាយកដ្ឋានត្រួតពិនិត្យ ដែលត្រូវទទួលបានការផ្ទេរបញ្ចូល និងតែងតាំងថ្មី បន្ទាប់ពីអគ្គនាយកដ្ឋានត្រួតពិនិត្យ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធឡើងវិញ ស្របតាមផែនទីបង្ហាញផ្លូវនៃការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត និងនិយាមអន្តរជាតិក្នុងការត្រួតពិនិត្យគ្រឹះស្ថានធនាគារប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមទេសាភិបាល បានលើកឡើងថា «នៅពេលដែលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស ការពង្រឹងប្រសិទ្ធភាពត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាត្រូវធ្វើកំណែទម្រង់អគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីធានាបាននូវសុខភាព និងនិរន្តរភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»

ឯកឧត្តមបន្ដថា ទន្ទឹមនេះ ធនធានមនុស្សក៏ត្រូវធ្វើការបែងចែកតាមចំណេះដឹង ជំនាញ និងតាមតម្រូវការជាក់ស្តែង។

លើសពីនេះឯកឧត្តមទេសាភិបាល បានផ្តល់ឱវាទសំខាន់ៗមួយចំនួនដល់មន្រ្តី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាទាំងអស់ រួមមាន៖

១៖ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យការងារ។
២៖ ត្រូវមានភាពអំណត់ និងស្មោះត្រង់ និងរក្សាការសម្ងាត់វិជ្ជាជីវៈ។
៣៖ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងដើម្បីសម្រេចបានគោលដៅការងាររួមរបស់ស្ថាប័ន។
៤៖ ត្រូវខិតខំបំពេញការងារឱ្យបានហ្មត់ចត់ និងអស់ពីកំលាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
៥៖ ត្រូវបន្តដុសខាត់សមត្ថភាពខ្លួនឯងជាប្រចាំ៕