គ្រួសារសពដែលបានបាត់បង់ជីវិតដោយសារលង់ទឹកហូរ ខ្លាំង ទទួលបានថវិកាចំនួន១០លានរៀលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងឃុំ បាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសពលោក ទេព បឿន រស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ដែលបានបាត់បង់ជីវិតដោយលង់ទឹកស្ទឹងហូរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយដែលបានរកឃើញសាកសពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានពាំនាំសាររបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចូលរួមសោកស្ដាយជាពន់ពេកជាមួយគ្រួសារសពដែលបានបាត់បង់ប្ដី ឪពុក ជាទីស្រឡាញ់នៅក្នុងរង្វង់គ្រួសារ ជាជំហរក្នុងគ្រួសារ។ ជាសមានទុក្ខចំពោះប្រជាលពលរដ្ឋមិនថានៅទីណា កន្លែងណា ខេត្ត ស្រុកណានោះទេ សម្ដេចទាំងពីរតែងយកចិត្តទុកដាក់ជួយសម្រាលទុក្ខជាមួយក្រុមគ្រួសារដែលរងប៉ះពាល់ដោយឧបទ្ទវហេតុផ្សេងៗដោយមិនមានការរើសអើង និងនិន្នាកានយោបាយអ្វីឡើយ គឺសម្ដេចតែងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។ ជាមួយគ្នានេះដែរ ក្នុងស្ថានភាពបច្ចប្បន្ននេះ ប្រទេសកម្ពុជាជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀង ជាក់ស្ដែងនៅ ខេត្តបន្ទាយមានជ័យ សម្ដេចរួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានចុះទៅផ្ទាល់ដើម្បីពិនិត្យ និងចាត់វិធានការ អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងបានទាន់ពេលវេលា។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានបួងសួង ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកទេព បឿន ដែលបានធ្វើមរណៈកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ សូមវិញ្ញាណក្ខន្ធគាត់បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រួសារសព និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសសេសសូមមានការប្រយ័ត្ន ចំពោះក្មេងៗតូចៗ និងចាស់ជរា ព្រោះពួកគាត់ងាយនឹងរងគ្រោះបំផុតក្នុងរយៈពេលជំនន់ទឹកភ្លៀងនេះ ។