សម្តេចតេជោ ហ៊ុន សែន៖ ក្រោមនយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាមទាំងអស់ ក្លាយជាតំបន់អភិវឌ្ឍ


(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាម ឲ្យក្លាយជាតំបន់អភិវឌ្ឍ និងកែប្រែតំបន់ព្រំដែន ឲ្យក្លាយជាតំបន់អភិវឌ្ឍ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈនយោបាយឈ្នះឈ្នះនេះ យើងប្រែក្លាយតំបន់អតីតសមភូមិទាំងអស់ ឲ្យទៅជាតំបន់អភិវឌ្ឍ  ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែន មិត្ដភាព-សន្ដិភាព មិត្ដភាព-សហប្រតិបត្ដិការ និងការអភិវឌ្ឍន៍»។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នយោបាយឈ្នះឈ្នះ ជាឱសថទិព្វ ដែលធ្វើឲ្យកម្ពុជា មានសង្គ្រាម មិនចេះចប់ មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាពិធីរម្លឹក នៃការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវិត្ដិសាស្ដ្រ ដ៏យូរលង់របស់កម្ពុជា។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា តំបន់វៃគ្នាទាំងអស់ ឥលូវនេះ បានប្រែក្លាយជាតំបន់អភិវឌ្ឍ និងប្រែក្លាយអតីតសមភូមិទាំងអស់ ជាទីផ្សារ និងជាតំបន់អភិវឌ្ឍ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តំបន់វាយគ្នាទាំងអស់ បច្ចុប្បន្ននេះ កំពុងអភិវឌ្ឍ ដូច្នេះនៅសល់តិចតួចណាស់ ដែលមិនទាន់បានអភិវឌ្ឍ ដោយសារតែកន្លែងខ្លះ នៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ៕