ប្រមុខការទូតកម្ពុជា-ជប៉ុន ជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៃកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តម ម៉ូតេហ្គី បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា កាលខែសីហា ឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម ម៉ូតេហ្គី បានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។

ទន្ទឹមនេះ ឯកឧត្តម ម៉ូតេហ្គី បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនេះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ឯកឧត្តម ម៉ូតេហ្គី ដែលបានសម្តែងការចូលរួមរំលែកទុក្ខ និងស្ម័គ្រចិត្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី ឯកឧត្តមលោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយរីករាយ ដែលប្រទេសទាំងពីរកំពុងអនុវត្ត «ច្រកសម្រាប់ការស្នាក់នៅ» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី ១៤ថ្ងៃ និងសង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម ១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧបនាយក

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ចំពោះការផ្តល់ឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ។

ឯកឧត្តម ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ ២០២២។ លោក ឧបនាយករដ្ឋមន្ត្រីបានអរគុណជប៉ុនចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ក្នុងឱកាសជំនួបតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់អង្គការសហប្រជាជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផល នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ប្រមុខការទូតកម្ពុជា-ជប៉ុន ដែលប្រកាសដោយក្រសួងការបរទេសកម្ពុជា៖