រដ្ឋបាលខេត្តក្រចេះ បើកសិក្ខាសាលាស្តីពីការរៀបចំអាជីវកម្ម ប្រកបដោយជោគជ័យ


(ក្រចេះ)៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពី ការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ ដែលធ្វើឡើងនៅសាលប្រជុំ សាលាខេត្តក្រចេះ។

សិក្ខាសាលានេះ ធ្វើឡើងរយៈពេល១ព្រឹក ដោយមានការអញ្ជើញចូលរួម ពីលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត មន្ទីរពាក់ព័ន្ធ ធនាគារដៃគូ រួមនិងម្ចាស់អាជីវកកម្មផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមានច្រើនកម្ពុជា ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការ ការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់នោះ។

លោកថា ម្ចាស់សហគ្រាសធុនតុច និងមធ្យម ដែលមានវត្តមាន នៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ សូមយកចិត្តទុកដាក់ក្នុងការស្តាប់ រៀនសូត្រនូវចំណេះដឹងថ្មីៗ បន្ថែមទៀត ពីអង្គសិក្ខាសាលា។ ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួន កាន់តែរីកចម្រើនថែមទៀត។

លោកឧកញ៉ា បន្តថាទៀតថា រាជរដ្ឋាភិបាលបានផ្ដួចផ្ដើម នូវការបង្កើតគម្រោងសហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ជាច្រើនលានដុល្លារ ក្នុងនោះ មួយចំណែកចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានពីធនាគារសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈមនានា ដែលរងប៉ះពាល់ ដោយសារវិបត្តកូវីដ១៩។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរវិស័យឯកជន ពាណិជ្ជករ នៅក្នុងខេត្តមានការសាមគ្គីគ្នាល្អណាស់ បើកទូលាយចូលរួម នៃវប្បធម៌ចែករំលែក គឺអ្នកមានច្រើន ជួយអ្នកមានតិច និងអ្នកមានតិច ជួយអ្នកអត់មាន និងបានគូសបញ្ជាក់ ទៅលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានការយកចិត្ត ទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកទឹកចិត្តដល់សហគ្រិនទូទាំងប្រទេស បង្កើតផែនការយុទ្ធសាស្ត្រទ្រទ្រង់ ដល់វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងដៃគូចូលរួមសហការ ដោយគិតអត្រាការប្រាក់ទាបដល់សហគ្រាស ផលិតកម្មទាំងអស់ទូទាំងប្រទេស ដើម្បីពង្រឹង សមត្ថភាព សង្វាក់ផលិតកម្ម ឲ្យមានគុណភាពតាមលក្ខណៈស្ដង់ដាទីផ្សាអន្តរជាតិ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងបង្កើតឱកាស ការងារដល់កម្មករឲ្យមានការងារធ្វើ កាត់បន្ថយការធ្វើចំណាក់ស្រុករកការងារក្រៅប្រទេស និងជំរុញ វិស័យសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ជាលំដាប់៕