សម្តេច សាយ ឈុំ ជួបសំណេះសំណាល ជាមួយមន្រ្តីពុទ្ធសាសនបណ្ឌិត្យ


ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តី ដែល បម្រើការងារ នៅពុទ្ធសាសនបណ្ឌិត្យ។

លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្រ្តីជំនាញ បានជម្រាបរាយការណ៍ អោយដឹងអំពីសកម្មភាពការងារ របស់ពុទ្ធសាសនបណ្ឌិត ដែលមានមន្រ្តីក្របខណ្ឌចំនួន ១៤រូប មន្រ្តីចុះមកធ្វើកម្មសិក្សា ៥រូប, បុគ្គលិកកិច្ចសន្យា ៥រូប និងអ្នកហាត់ការដោយស្ម័គ្រចិត្ត មួយចំនួនទៀត។ ពុទ្ធសាសនបណ្ឌិត មាន៥ការិយាល័យការងារ៖ ការិយាល័យបណ្ណាល័យ, ក្រុមជុំនំទំនៀមទម្លាប់, អភិរក្សឯកសារវប្បធម៌ និងសាសនា, ពត៌មានវិទ្យា និងការិយាល័យរដ្ឋបាលសរុប។ ពុទ្ធសាសនបណ្ឌិត្យ ដែលមានដំណើរការងារល្អ គឺអាស្រ័យដោយមានប្រភព ឧបត្ថម្ភពីថវិការដ្ឋ, មូនិធិ និងថវិកាដែលសប្បុរសជន ទាំងក្នុងទាំងក្រៅប្រទេស បានជួយឧបត្ថម្ភ ជាក់ស្តែង អង្គការមូនិធិ ពុទ្ធសាសនាជប៉ុន “ រីហ្សូកូសីកៃ”ដែលកន្លងមកបានជួយឧត្ថម្ភកសាងអាគារពុទ្ធសាសនបណ្ឌិត ជួយដល់សកម្មភាពការងារបណ្ណាល័យ កិច្ចការបោះពុម្ពផ្សាយមួយចំនួន និងកិច្ចការរដ្ឋបាលផងខ្លះផងដែរ…។

សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងកោតសរសើរ លើកទឹកចិត្ត ដល់មន្រ្តីទាំងអស់ ដែលកន្លងមកសកម្ម បំពេញការងារតាមជំនាញបានល្អ រួមមានទាំងការរៀបចំ ទុកដាក់ ថែរក្សាសៀវភៅឯកសារចាស់ៗដែលសៀវភៅឯកសារខ្លះមានអាយុកាលរហូតជាង១០០ឆ្នាំ មកហើយ និងស្រាវជ្រាវអភិរក្ស សៀវភៅឯកសារ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ ហើយរៀបរៀងបោះពុម្ពឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយ។ សម្តេច មានការចាប់អារម្មណ៍ចំពោះការរៀបចំ កន្លងមក របស់ពុទ្ធសាសនបណ្ឌិត្យ ដែលផ្តល់ឱកាសជូន ក្រុមអ្នកដែលស្រលាញ់ ចូលចិត្តការស្រាវជ្រាវតែងនិពន្ធសៀវភៅ ឬអត្ថបទ អំពីវប្បធម៌ សាសនា ប្រពៃណី ទំនៀមទំលាប់ ប្រវត្តិសាស្រ្ត អក្សរសាស្រ្ត អក្សរសិល្បិ៍ បុរាណវិទ្យា… ជាដើម អោយមកធ្វើ់បឋកថា បង្ហាញពីស្នាដែ ស្រាវជ្រាវ តែងនិពន្ធរបស់ខ្លួន ជូនដល់សាធារណជន។ សម្តេច បានសម្រេចឧបត្ថម្ភ ១០លានរៀល ក្នុង១ឆ្នាំ សម្រាប់បន្តការងារ ទៅមុខនេះទៀត។

ក្នុងឱកាសនោះដែរ ក៏បានផ្តល់ការឧបត្ថម្ភ ជូនមន្រ្តីបុគ្គលិក ពុទ្ធសាសនបណ្ឌិត្យ ទៅធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ ដែលស្ថិតនៅតំបន់អភិរក្សស្ថានីយ៍ឡស្លដែកបុរាណ សន្លុងប្រឡាយដូនណាង ដែលជាស្ថានីយ៍បុរាណវិទ្យា ស្ថិតនៅឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ នាដើមខែមេសា ខាងមុខនេះ និងបានឧបត្ថម្ភ ៤.០០០.០០០ រៀល សម្រាប់ការងារនៅពុទ្ធសាសនបណ្ឌិត្យ។