ខួបលើកទី២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ យើងរួមគ្នាការពារសន្តិភាព ប្រឆាំងនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដោយបដិវត្តន៍ពណ៌


(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះគឺជាគម្របខួប២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខ្មែរទាំងបួនភាគីមានជម្លោះប្រដាប់អាវុធ នឹងគ្នារួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចឪ នរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដីភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅប្រទេសបារាំង ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។

២៩ឆ្នាំមកនេះ កម្ពុជាបានកសាងខ្លួនចេញពីប្រទេសដែលបែកបាក់ ជាតិនិងបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល ពលរដ្ឋរស់នៅរងទុក្ខដោយសារតែចម្បាំងរាំងជល់ ឥឡូវកម្ពុជាមានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី បាននាំយកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមកវិញ និង ប្រជាពលរដ្ឋខ្មែរបានរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ ប្រកបដោយសិទ្ធិសេរីភាពពេញលេញ និងលំហប្រជាធិបតេយ្យកាន់តែធំ។

សមិទ្ធផលដ៏ត្រចេះត្រចង់នេះ ប្រជាពលរដ្ឋខ្មែរពិតជាបានចងចាំមិនភ្លេចចំពោះការលះបង់សព្វបែបយ៉ាងនៃតួអង្គដ៏សំខាន់ទាំងពីរគឺ សម្តេចព្រះបរមរតនាកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងជីវិតនយោបាយរបស់កម្ពុជារហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពមួយនេះឡើងដើម្បីនាំសន្តិភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍជូនជាតិនិងមាតុភូមិរហូតមកទល់សព្វថ្ងៃ និងតទៅមនុស្សរាប់ជំនាន់ថែមទៀត។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួចមក។

ភាគីខ្មែរទាំងបួនដែលមានជម្លោះជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះ រួមមាន កិច្ចព្រមព្រៀងសន្តិភាពនេះ ទម្រាំនឹងប្រសូតចេញមកបាន គឺត្រូវបានគេពិពណ៌នាថា មាន «ការលំបាកយ៉ាងខ្លាំង» និងបានចំណាយពេលជាច្រើនឆ្នាំដោយចាប់ផ្តើមពីជំនួបលើកទី១ រវាងសម្តេចឪ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគីកម្ពុជាប្រជាធិបតេយ្យ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងភាគីរដ្ឋកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺន័រ (Fere-en Tardenois) នៃប្រទេសបារាំង។

សម្តេច ហ៊ុន សែន ដែលនៅពេលនោះ ធ្វើជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផង បានដឹកនាំការចរចាយ៉ាងស្វិតស្វាញជាមួយនឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចូលរួមដោយត្រីភាគីដើម្បីបញ្ចប់សង្គ្រាម។ បើទោះបីជាសម្តេចមានវ័យក្មេង ប៉ុន្តែសម្តេច ហ៊ុន សែន ត្រូវបានគេវាយតម្លៃថា មានភាពចាស់ទុំខាងផ្នែកនយោបាយ ជាអ្នកស្រឡាញ់សន្តិភាព និងការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ព្រោះលោកមិនចង់ឲ្យពលរដ្ឋខ្មែរជំនាន់ក្រោយបន្តរងគ្រោះដោយសារសង្គ្រាមដូចជំនាន់លោកឡើយ។ សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ទស្សនៈរបស់សម្តេចថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការរកដំណោះស្រាយនយោបាយតាមរយៈការចរចា។ កំណែទម្រង់សេដ្ឋកិច្ចបានដើរជាមួយកំណែទម្រង់នយោបាយ។ ប៉ុន្តែស្ថិរភាពនយោបាយត្រូវបានរក្សាទុក ធ្វើដូច្នេះដើម្បីកែទម្រង់ខាងសេដ្ឋកិច្ចអាចអនុវត្តបានស្របជាមួយ នឹងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព»។

កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពីជួបគ្នាលើកទី១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានជួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបខ្មែរក្រហម រំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់សម្តេចថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា៖ «ឆ្នាំ១៩៨៩ កងទ័ពវៀតណាមបានដកចេញអស់ពីប្រទេសកម្ពុជា ប៉ុន្តែសង្គ្រាមនៅតែបន្ត ហើយចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ ១៩៨៩ គេធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប៉ុន្តែពេលកងទ័ពវៀតណាមដកអស់ គេនៅតែបន្តសង្គ្រាមប្រឆាំងជាមួយប្រជាជនកម្ពុជា។ យើងស្អប់សង្រ្គាម ប៉ុន្តែយើងទទួលស្គាល់សង្គ្រាមដែលសត្រូវតម្រូវឲ្យយើងធ្វើ។ ដូច្នេះការប្រយុទ្ធរបស់យើងនៅពេលនោះ មិនមែនជាការនិយមសង្រ្គាមឡើយ ប៉ុន្តែវាជាសង្គ្រាមក្នុងការស្វែងរកសន្តិភាព និងរកភាពសុខសាន្តជូនប្រជាជន បន្ទាប់មកភាគីជម្លោះព្រមមកតុចរចារកសន្តិភាពនៅឆ្នាំ១៩៩១»។
ដំណើរការចរចាដោយមានការជំរុញពីមហាអំណាចទាំង ៥ (បារាំង សហរដ្ឋអាមេរិក ចិន អង់គ្លេស និងសហភាពសូវៀត) ព្រមទាំងមានប្រទេសផ្សេងៗជាសាក្សីបានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។
ដំណោះស្រាយជម្លោះកម្ពុជាដែលសម្រេចចេញមកនេះកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិ។ កត្តាសំខាន់ជាងគេមួយទៀត ដែលបានជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលាឆ្នាំ១៩៩១ គឺដោយសារតែគុណសម្បត្តិ និងទេពកោសល្យនយោបាយរបស់សម្តេចឪ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងល្អរវាងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ និងបុគ្គលិកលក្ខណៈរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលត្រូវបានពិភពលោកកត់សម្គាល់ថា ជាអ្នកបញ្ចប់ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំសន្តិភាពពេញលេញ និងគ្មានការបែងចែកទឹកដីកម្ពុជាជាពីរចាប់តាំងពីចុងឆ្នាំ១៩៩៨ មក ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ។
សម្តេចឪ នរោត្តម សីហនុ ទ្រង់ក៏បានឈ្វេងយល់ថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ម្នាក់ ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសកម្ពុជាដែលហែកហួរដោយភ្លើងសង្គ្រាមស៊ីវិលជាងពីរទសវត្សរ៍។

យោងតាមសៀវភៅ «ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា» សម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា៖«លោកហ៊ុន សែន ជាមេដឹកនាំគួរឲ្យកត់សម្គាល់ម្នាក់។ គាត់ក្មេងតែវាងវៃ ហើយលោកមានបទពិសោធក្នុងកិច្ចការប្រទេសទៀតផង។ គាត់ជាជនស្នេហាជាតិ ហើយមានសេចក្តីស្នេហាពិតប្រាកដចំពោះប្រជាជន របស់គាត់។ គាត់មានមោទនភាពជាតិ។ កាលដែលខ្ញុំនៅក្មេង ខ្ញុំដូចគាត់ ប្រកបដោយថាមពល ចិត្តខ្លាំងដូចព្យុះសង្ឃរា ហិង្សាក្នុងសម្តីតែនេះជាយុវវ័យ។ យើងទាំងអស់គ្នាទុំជោរតាមអាយុ។ ប្រទេសកម្ពុជាមានសំណាង ដោយមានលោក ហ៊ុន សែន។ យើងត្រូវការហ៊ុន សែន ច្រើននាក់ទៀត»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាហត្ថលេខីនៃកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្លាប់បានមានប្រសាសន៍ថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ គឺជាតួអង្គដ៏សំខាន់សម្រាប់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ហើយបើគ្មានតួអង្គទាំងពីរនេះទេ គឺមិនមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បើគ្មានព្រះវត្តមានរបស់ព្រះអង្គ ក៏គ្មានវត្តមានខ្ញុំ ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយបើគ្មានវត្តមាន ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ»។ សម្តេចតេជោបានបន្តថា៖ «គេអាចបោះបង់ចោលការចរចាជាមួយខ្មែរក្រហម ជាមួយក្រុមរបស់លោក សឺន សាន បាន ប៉ុន្តែមិនអាចបោះបង់ចោលការចរចាជាមួយសម្តេចព្រះ នរោត្តម សីហនុ និងមិនអាចបោះបង់ចោលការចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ»។ សម្តេចតេជោ ហ៊ុន សែន បានរំឭកបន្ថែមទៀតថា បើគ្មានជំនួបលើកដំបូងរវាងសម្តេច និងសម្តេចព្រះបរមតនកោដ្ឋនៅហ្វែរអង់តាឌឺណ័រនៅប្រទេសបារាំង នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នោះតេ និងបើគ្មានជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ គឺនឹងគ្មានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនោះឡើយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលភាគីខ្មែរក្នុងជម្លោះទាំងបួនយល់ព្រម មានគោលបំណងបីសំខាន់ៗរួមមាន៖ ទី១៖ កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយរួមលើជម្លោះប្រដាប់អាវុធនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធនៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ មានអាណត្តិរបស់អាជ្ញាធរបណ្តោះអាសន្ន របស់ អ.ស.ប.នៅកម្ពុជា រៀបចំការបោះឆ្នោតសកលមួយ រៀបចំបញ្ចូលមកវិញជនភៀសខ្លួន និងរៀបចំរដ្ឋធម្មនុញ្ញថ្មី មួយសម្រាប់ប្រទេសកម្ពុជា។ ទី២៖ ការពារប្រទេសកម្ពុជាក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានានូវអធិបតេយ្យភាព ឯករាជភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។ ទី៣៖ សេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការកសាងប្រទេសកម្ពុជាឡើងវិញ។

គោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះត្រូវបានដាក់បញ្ចូលក្នុងស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសឱ្យប្រើប្រាស់នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ហើយ។ កាលដែលក្រុមជនមួយ ចំនួនព្យាយាមបំភ្លៃសាធារណមតិឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តឡើងវិញគឺជាក្រុមវង្វេងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ និងជាក្រុមជនបំភ្លៃការពិតដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌តែប៉ុណ្ណោះ។

គួររំឭកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលចំណាយថវិកាប្រមាណ ២ ពាន់លានដុល្លារ និងមន្ត្រីស៊ីវិលកងទ័ពជាច្រើនម៉ឺននាក់ បាននាំមកនូវពន្លឺថ្មីនៃវិថីសន្តិភាពនៅកម្ពុជា ប៉ុន្តែមិនបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងឡើយ។ សង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយពេលអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយ ដោយនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពដែលកម្ពុជានិងប្រជាជនកម្ពុជាកំពុងទទួល ផ្លែផ្កានេះរកបានដោយលំបាក ជាសុខសន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដីដែលមិនដែលមានសោះនៅក្នុងរយៈពេល ៤០០ ឆ្នាំចុងក្រោយនេះរបស់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមនៅកម្ពុជាមិនមែនសម្តេចជាអ្នកបង្កើតឡើយ ដែលពេលសង្គ្រាមកើតឡើងសម្តេចទើបតែអាយុ ១៨ឆ្នាំប៉ុណ្ណោះ តែសម្តេចជាអ្នកចរចាបញ្ចប់សង្គ្រាម និងជាអ្នកដែលនាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានរំឭកអំពីនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាជាឱសថទិព្វ ដែលធ្វើឱ្យសង្គ្រាមដែលកើតឡើងមិនចេះចប់មិនចេះហើយ បញ្ចប់នៅឆ្នាំ១៩៩៨។ ក្រោយបញ្ចប់សង្គ្រាមទាំងស្រុង តំបន់វាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមបានក្លាយជាតំបន់អភិវឌ្ឍនៅពេលនេះ។ ក្រោមនយោបាយឈ្នះឈ្នះ បានកែប្រែតំបន់សង្គ្រាមក្លាយជាតំបន់អភិវឌ្ឍ កែប្រែតំបន់ព្រំដែន ក្លាយជាតំបន់អភិវឌ្ឍ និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

រហូតពេលនេះ សន្តិភាពកម្ពុជាមានអាយុជិត ២២ ឆ្នាំហើយ! តែសន្តិភាពដែលកម្ពុជាមានបានរងនូវការគំរាមកំហែងពីក្រុមប្រឆាំងជ្រុលនិយម ក្រុមជនក្បត់ជាតិដែលព្យាយាមបំផ្លាញតាមរយៈផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ ចំពោះមុខនៃការគំរាមកំហែងនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសគោលជំហរម៉ឺងម៉ាត់ថា ទោះបីជាក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
រាល់ផែនការប៉ុនប៉ងបំផ្លាញសន្តិភាពត្រូវតែទប់ស្កាត់និងបង្ក្រាបដោយមិនអនុញ្ញាតឱ្យក្រុមជនជ្រុលនិយមមួយក្តាប់តួចយក សុខសន្តិភាពនិងយកប្រជាជនធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួនឡើយ។

កម្ពុជាបច្ចុប្បន្នមានទាំងសន្តិភាពទាំងផ្លូវកាយ និងសន្តិភាពផ្លុវចិត្តព្រោះប្រជាពលរដ្ឋបានចូលរួមអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវ គឺមានតែក្រុមជនជ្រុលនិយមដែលបំពានច្បាប់ ប្រព្រឹត្តខុសច្បាប់ និងប៉ុនប៉ងបំផ្លាញសន្តិភាពតាមមធ្យោបាយបដិវត្តន៍ពណ៌នោះទេ ដែលនាំគ្នាស្រែកថាគ្មានសន្តិភាពផ្លូវចិត្ត។ នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី២៩ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ យើងទាំងអស់គ្នារួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមកម្លាំងគ្នាប្រឆាំងនឹងការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលដោយអនុវត្តផែនការបដិវត្តន៍ពណ៌របស់ក្រុមជ្រុលនិយមក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេសរបស់ពួកគេ៕