ឯកឧត្តម ឡុង ឈុនឡៃ បានជម្រុញអោយអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយចំបញ្ហាប្រកបដោយតម្លាភាពនិង បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានទាន់ពេលវេលា


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល
រងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក គង់ សុវណ្ណអស្ចារ្ស នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុក ប្រធានអនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរឃុំក្នុងស្រុកតំណាងប្រជាពលរដ្ឋនិងសហគមន៍ចូលរួមផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បន្តថាៈ ការដោះស្រាយបញ្ហាប្រឈមប្រកបដោយតម្លាភាព ការពន្លឿន និង ការបង្ខិត សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលកម្ពុជា ដោយបានបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែងាយក្នុងការមកទទួលយកនូវសេវាសាធារណៈពីមន្រ្តី ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់ តម្លាភាព និង គ្មានការរើសអើង ។ ចំពោះអាជ្ញាធរមូលដ្ឋានត្រូវតែនៅជាប់ជាមួយនិងប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋទើបមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើននិងឆ្លើយតបចំពោះតម្រូវការរបស់ពួកគាត់ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើរដល់មន្រ្តីជំនាញគ្រប់អង្គភាពក្នុងខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ក្នុងការបំពេញតាមតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ធ្វើអោយខេត្តកំពង់ឆ្នាំង កាន់តែទទួលបានការរីកចំរើនជាបន្តបន្ទាប់ ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានមានប្រសាសន៍បន្តថាៈវេទិកានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់បំផុតជាកញ្ចក់ឆ្លុះបញ្ចាំង អំពីសកម្មភាព នៃការអនុវត្តរបស់មន្រ្តីរាជការ មន្រ្តីជំនាញទាំងភាពវិជ្ជមាននិងអវិជ្ជមាន ដើម្បីកែលម្អរាល់បញ្ហាអសកម្មដើម្បីអោយក្នុងមូលដ្ឋាននានាកាន់តែមានអភិវឌ្ឍន៍ ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានជម្រុញអោយមន្ទីរជំនាញពាក់ព័ន្ធនិង អាជ្ញាធរគ្រប់មូលដ្ឋានត្រូវសហការគ្នាអោយបានជិតស្និតចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងការផ្តល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តម បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសភាពការណ៍ជាប្រចាំ ដើម្បីរាយការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះហេតុការណ៍ផ្សេងៗ ព្រមទាំងបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាអាណាព្យាបាល ជាពិសេសចាស់ជរា និងកុមារតូចៗដែលជាជនងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់អាចនឹងកើតមានឡើងជាយថាហេតុនិងតាមដាន ពិនិត្យស្ថានភាពទឹកតាមបឹង ព្រែក ស្ទឹង ទូទាំងខេត្ត ត្រូវចាត់វិធានការបើកទ្វារទឹកដើម្បី បញ្ចូលទៅតាមព្រែក បណ្ដាអាងទឹកនានា និងតំបន់ទំនាបដើម្បីរក្សាទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខនេះ។ ត្រូវបន្តផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុង
ប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង ។ ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋអោយបានល្អក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

លោកគង់ សុវណ្ណអស្ចារ្ស នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈសំណូមពរនិងសំណួរដែលអាជ្ញាធរនិងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាមានចំនួន៦ មន្ទីរជំនាញពាក់ព័ន្ធបានដោះស្រាយរួចរាល់ហើយក្នុងនោះមានវិស័យធនធានទឹក,អភិវឌ្ឍន៍ជនបទ,រ៉ែនិងថាមពល,កសិកម្មនិងសាធារណការនិងដឹកជញ្ជូន។