ឯកឧត្តម វេង សាខុន ទទួលជួប អភិបាលរងក្រុង Guigang តំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន


កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Xu Yudong អភិបាលរងក្រុង Guigang តំបន់ស្វយ័ត Guangxi Zhuang នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រតិភូ នៅឯទីស្ដីការក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបំណងវិនិយោគទុនលើការដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គម្រោងវិនិយោគទុននេះ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីព្រៃឈើជាតិ ក្នុងការដាំដុះព្រៃឈើឡើងវិញ ព្រមទាំងបានណែនាំគណៈប្រតិភូ និងរដ្ឋបាលព្រៃឈើសហការគ្នាធ្វើការសិក្សាលើគម្រោងវិនិយោគនេះ ដោយចាប់ផ្ដើមពីការសិក្សាលទ្ធភាពទីតាំងដាំដុះនៅភូមិភាគឥសាន និងបន្តទៅតំបន់នានាទៀតទៅតាមភាពជាក់ស្តែង។