សម្តេចតេជោ ហ៊ុន សែន៖ ក្រោយទឹកជំនន់ចប់ ក្រសួង៤ ត្រូវបន្តធ្វើកិច្ចការច្រើនជាងគេ ដើម្បីស្តារផលប៉ះពាល់ឡើងវិញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើនត្រូវធ្លាក់ដល់ដៃក្រសួងចំនួន៤ ដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់។

បើតាមសេម្តេតេជោ ហ៊ុន សែន ក្រសួងទាំង៤ ដែលជាមុខព្រួញមុនគេនោះរួមមាន៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ក្រសួងអភិវឌ្ឍជនបទ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន, ក្រសួងធនធានទឹក និងឧត្តុនិយម ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី លឹម គាន់ហោ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។

ការបញ្ជាក់បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងយើងដែលត្រូវធ្វើបន្តទៅគ្រួសារនីមួយៗ ត្រូវធ្វើអីមុខរបរមិនដូចគ្នាទេ ខ្លះជាកសិករ ខ្លះលក់ដូរ ត្រូវខិតខំដែរ…! ឯផ្នែកខាងរដ្ឋ គឺក្រសួង៤ ដែលដើរតួនាទីធំជាងគេ ទី១៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធផ្លូវទាំងអស់ នៅទូទាំងប្រទេសដើម្បីជួសជុល សម្រួលដល់ចរាចរណ៍ឡើងវិញ, ទី២៖ ក្រសួងអភិវឌ្ឍជនបទ ក៏ត្រូវមើលព្រោះដែលជាក្រសួងពាក់ព័ន្ធលើបញ្ហាផ្លូវថ្នល់, ទី៣៖ ក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីបែងចែកទឹកសម្រាបស្រោចស្រពដំណាំដល់ប្រជាកសិករជាដើម និងទី៤៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើសកម្មភាពបន្ទាន់ពិនិត្យទៅលើគ្រួសារនីមួយៗ ដែលរងកាេខូចខាត និងប៉ះពាល់ផលដំណាំ ដើម្បីផ្តល់ស្រូវពូជ គ្រាប់ពូជ ត្រូវធ្វើកិច្ចការងារទាំងអស់នេះ»

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិតរួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿងចក្រកសិកម្មមកបម្រើជូនប្រជាកសិករផងដែរ។ សម្តេចតេជោ ក៏បានឱ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយជូនតែអ្នកដែលខូចខាតទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សមាជិកព្រឹទ្ធភា និងតំណាងរាស្រ្ត ក៏ត្រូវចូលរួមចំណែកធ្វើសកម្មភាព ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ បន្ថែមពីនេះ សម្តេចតេជោ ឱ្យដឹងថា សម្រាប់ជួយប្រជាពលរដ្ឋមិនមែនភ្ជាប់តែជួយជាគ្រឿងឧបភោគ បរិភោគ ដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលនោះទេ គឺក្រោយទឹកជំនន់ស្រកអស់ រដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ត្រូវមានកិច្ចការងារជាច្រើនទៀត ដើម្បីធ្វើរួមគ្នា។

ក្រៅពីការស្តារពីផលខូចខាតដោយសារតែគ្រោះទឹកជំនន់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយទឹកជំនន់ចប់ការចាំបាច់ដែលបន្តធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដូច្នេះ សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែខិតខំការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ បានបំផ្លាញយើងអស់ហើយ ប្រជាពលរដ្ឋត្រូវការពារខ្លួនពីកូវីដ មិនត្រូវទុក្ខចិត្តគ្នាទេ យើងអាចយកឈ្នះកូវីដបាន នៅពេលបុគ្គលម្នាក់ៗចេះប្រុងប្រយ័ត្នការពារខ្លួន តាមរយៈការអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ការមិនទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិនមានជំងឺកូវីដ-១៩ ជាដើម។

បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០-ល្ងាច) ប៉ះពាល់ ២០រាជធានី-ខេត្ត ស្មើ ១១៧ក្រុង/ស្រុក/ខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

* ប៉ះពាល់ប្រជាជនប្រមាណ ១៣៣,៧៩៤គ្រួសារ ស្មើប្រមាណ ៥៣៥,១៧៦នាក់
* ប្រជាជនជម្លៀសប្រមាណ ១១,៦៤៧គ្រួសារ ស្មើប្រមាណ ៤៦,៥៥៨នាក់
* ប្រជាជនស្លាប់ ៣៩នាក់ (ធៀបល្ងាច ថ្ងៃទី២២ ខែតុលា ពុំមានកើន)
* ផ្ទះប៉ះពាល់ប្រមាណ ១១៧,៨៨២ខ្នង និងខូចខាត ៦៣ខ្នង
* សាលារៀនលិចទឹកប្រមាណ ៩២៤កន្លែង និងវត្តលិចទឹកប្រមាណ ៣០៥កន្លែង
* ស្រូវលិចទឹកប្រមាណ ២៦៣,៩៣៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៨,៧៧៩ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៥៤៧ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គីឡូម៉ែត្រ
* ទំនប់ ប៉ះពាល់ប្រមាណ ៤១ គីឡូម៉ែត្រ
* ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៣៦ គីឡូម៉ែត្រ
* ប្រឡាយរង ប៉ះពាល់ប្រមាណ ១៩៣ គីឡូម៉ែត្រ
* ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ១២៩ គីឡូម៉ែត្រ
* ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ ម៉ែត្រ៕