រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ


 រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានប់ញ្ជាក់យ៉ាងដូច្នេះថា «ដោយស្ថានភាពទឹកជំនន់ បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុង ជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០៖០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»

ជាមួយគ្នានេះ ប្រសិនបើប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរផ្លូវជាតិលេខ២ សូមធ្វើការវៀងផ្លូវនេះ ដើម្បីកុំឲ្យខាតពេលវេលា។

ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថា ការបិទចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ២នេះ គឺចាប់ពីចំណុចរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកត្រង់ចំណុចពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតែអនុញ្ញាតឲ្យធ្វើចរាចរណ៍បានធម្មតា៕