បន្ទាប់ពីចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ក្នុងវត្ដកំពែង


បន្ទាប់ពីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ នៅខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដដំណើរដោយនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃ ដែលគង់នៅវត្ដកំពែង។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ ដោយនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្ដ កំពែង ដែលរួមមាន៖ អង្ករ២០០គីឡូក្រាម, មី១០កេស, ត្រីខ៤កេស, ត្រីងៀត១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ស្ករស១០គីឡូក្រាម, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, តែ១០គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, និងបច្ច័យ៣,០០០,០០០រៀល (បីលានរៀល)។

ក្នុងនោះប្រគេនព្រះចៅអធិការ៖ សាដក ១បច្ច័យ៥០ម៉ឺនរៀល, ប្រគេនព្រះសង្ឃ១៩អង្គ ក្នុង១អង្គៗសាដក១ និងបច្ច័យ២០ម៉ឺនរៀល។ ជូនគណៈកម្មការវត្ត២១នាក់ និងតាជីយាយជី២០នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល និងក្រណាត់ស១ដុំ រួចជាមួយថវិកា ១០,០០០រៀល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជូនកូនសិស្សបម្រើព្រះសង្ឃ៤នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពុទ្ធសាសនានេះ ទទួលបានការវាយតម្លៃ និងការកោតសរសើរខ្ពស់ពីព្រះសង្ឃ យាយជី តាជី និងប្រជាពុទ្ធបរិស័ទទូទៅ៕