ឯកឧត្តមអភិបាលខេត្តស្វាយរៀង ទទួលអំណោយសប្បុរសធម៌ ពីសភាពាណិជ្ជកម្មខេត្តស្វាយរៀង


ឯកឧត្តម ម៉ែន វិបុល អភិបាលអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានទទួលអំណោយ សប្បុរសធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង។

លោកប្រធាន និងសហការី ដបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា អង្ករ ៥តោន មីខ្លាឃ្មុំ ៥០កេស តង់១០០តង់ សាប៊ូលាងចាន ៤៣២ដប និងថវិកាចំនួន ៤លានរៀល ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ការងារមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអគុណចំពោះប្រធានសភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជាបន្តបន្ទាប់ដល់រដ្ឋបាលខេត្ត។

ឯកឧត្តមចាត់ទុកថា ទាំងនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌តាមរយៈរដ្ឋបាលខេត្តនាពេលនេះ ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារគ្រោះធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង៕