ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ៖ យុវជនសតវត្សទី២១ ត្រូវរៀនសូត្រពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជននៃសតវត្សទី២១ ឬហៅជាភាសាទំនើបថា បដិវត្តន៍ឧស្សាហកម្ម ៤.០ ទាមទារឲ្យត្រូវរៀនសូត្រជានិច្ច សិក្សាពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗ ដែលនឹងកើតមានឡើង។

លើសពីនោះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ជាពិសេសពាក់ព័ន្ធទៅនឹងការលេចឡើង នូវបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាជំនាញថ្មីៗ ដែលយុវជនមិនបានរៀន នាពេលបច្ចុប្បន្ន ប៉ុន្ដែចាំបាច់ទៅថ្ងៃអនាគត។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «យុវជននៃសតវត្សទី២១ ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌ ក៏ដូចជាស្ថានភាព នៃសតវត្សទី២១ […] ហើយទាមទារឲ្យត្រូវរៀនសូត្រជានិច្ច សិក្សាពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីៗ ដែលនឹងកើតមានឡើង»

បើតាមលោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ឆ្នាំ២០២០ មានគោលបំណង៖

* បណ្តុះបណ្តាលយុវជន ឲ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនា តាមរយៈការជជែកដេញដោល ក្នុងការរួមចំណែក ដោះស្រាយបញ្ហាជាតិ ឬបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះ។

* កសាងសមត្ថភាពយុវជនឲ្យមានភាពក្លាហានចេះប្រើប្រាស់ សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃ ក្នុងការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កា ជាវិជ្ជមានជូនសង្គម។

* ពង្រឹងជំនាញ នៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ និងជំនាញក្នុងការនិយាយសាធារណៈជាដើម។

* ផ្តល់ឱកាសឲ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈ ក្នុងការជជែកដេញដោល ក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្ម សម្រាប់ទាំងអស់គ្នា។

* បង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងតម្លៃមិត្តភាពផង។

* ពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួន ក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា។

គូសបញ្ជាក់ថា ក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានធ្វើបាឋកថា ក្រោមប្រធានបទ «យុវជន និងការសិក្សា ក្នុងបរិបទឌីជីថល» ជូនដល់សិស្សានុសិស្ស ដែលចូលរួមប្រកួត ក្នុងកម្មវិធីនេះផងដែរ៕