ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បន្តចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងខេត្តពោធិ៍សាត់


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ ជា ខេង នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលអំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពីឧកញ៉ា តាំង គួងហាវ អគ្គនាយកក្រុមហ៊ុន ហាវភីន (ខេមបូឌា) ខូអិលធីឌី ដោយក្នុង១ គ្រួសារៗ ទទួលបាននូវថវិកា ៤០,០០០រៀល អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ឆៃប៉ូវ១គីឡូក្រាម សាប៊ូម្សៅ១កញ្ចប់។

ឯកឧត្តមបាននាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន
គណបក្សប្រជាជនកម្ពុជា ដោយសម្ដេចតែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយសម្តេចពិតជាមានការសោកស្តាយ ចំពោះការខូចខាតស្រែចំការសត្វចិញ្ចឹម និងទ្រព្យសម្បត្តិនានា របស់បងប្អូនប្រជាពលរដ្ឋដោយសារគ្រោះទឹកជំនន់។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា អំណោយនេះ គឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋដោះស្រាយជីវភាពភ្លាមៗ ក្នុងរយៈពេលខ្លីដូច្នេះបងប្អូនមិន ត្រូវយកពេលវេលាទៅល្បែង ស៊ីសង ឬធ្វើការចំណាក់ស្រុកខុសច្បាប់នោះទេ អ្វីដែលសំខាន់ គឺត្រូវស្តារជីវភាពគ្រួសារឡើងវិញ ដោយខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែកកសិកម្ម សម្រាប់ចែកជូន និងណែនាំដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រក។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ នឹងកសាងស្រះទឹកមួយកន្លែងទំហំ១ហិកតា បួនជ្រុងមានជម្រៅ១០ម៉ែត្រ ឆាប់ៗខាងមុខនេះ ដោយគ្រោងចំណាយថវិកាអស់ ប្រមាណ១០០,០០០ដុល្លារ សហរដ្ឋអាមេរិក សម្រាប់ជាចំណងដៃថ្មី ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងបត់កណ្តោល ដូចនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតៗបរិវេណស្រះត្រូវខិតខំ ធ្វើការដាំដុះបន្លែបង្ការ ដើម្បីបង្កើនជីវភាពគ្រួសារ៕