ឯកឧត្តមអភិបាលខេត្តកំពង់ចាម ចុះពិនិត្យតំបន់មេទឹកពោធិតាត្រេះ និងដំណាំស្រូវប្រជាកសិករ ក្នុងស្រុកបាធាយ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតំបន់មេទឹកពោធិ៍តាត្រេស និងដំណាំស្រូវរបស់ប្រជាកសិករ ក្នុងភូមិក្រដាស «ក» ឃុំតាំងក្រសាំង ក្នុងស្រុកបាធាយ។

អភិបាលស្រុកបាធាយ លោក ផេន សុផល បានឲ្យដឹងថា នៅតំបន់មេទឹកពោធិតាត្រេះ ស្ថិតក្នុង ក្រដាស «ក» ឃុំតាំងក្រសាំង ដោយសារជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជា ២៧០ហិកតារ។

លោកបានឲ្យដឹងទៀតថា នៅតំបន់មេទឹកនេះ គឺជាកន្លែងស្តុកទឹក សម្រាប់បង្ហូរចេញឱ្យប្រជាកសិករក្នុងមូលដ្ឋាន ស្រោចស្រពដំណាំស្រូវ នារដូវប្រាំង។ ប៉ុន្តែចំណុចនេះ មុនពេលមានភ្លៀងធ្លាក់ ប្រជាកសិករ បានពង្រោះស្រូវប្រាំង ដោយមិននឹកស្មានថាមានជំនន់ទឹកភ្លៀងនោះទេ។ លុះពួកគាត់បានពង្រោះស្រូវប្រាំងរួច បន្ទាប់មកក៏មានជំនន់ទឹកភ្លៀងនេះលិចស្រូវពង្រោះរបស់ពួកគាត់តែម្ដង។

លោកអភិបាលស្រុក បានបញ្ជាក់ផងដែរថា បន្ទាប់ពីបានត្រួតពិនិត្យ លោកអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យអាជ្ញាធរស្រុក បន្តតាមដានដំណាំស្រូវប្រជាកសិករ ដែលបានរងការប៉ះពាល់នៅតំបន់មេទឹកពោធិតាត្រេះនេះបន្តទៀត៕