ឯកឧត្តម វង សូត នាំបច្ច័យបុណ្យកឋិនទានមហាសាមគ្គី ៤២លានរៀល ប្រគេនព្រះសង្ឃនៅក្នុងវត្តសិលារង្សី នៅខេត្តត្បូងឃ្មុំ


ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកនូវបច្ច័យបុណ្យកឋិនទានមហាសាមគ្គី ចំនួន ៤២លានរៀល ដង្ហែរវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា នៅក្នុងវត្តសិលារង្សី (វត្តត្រពាំងថ្កូវ ហៅវត្តចាស់) ស្ថិតនៅ ភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អង្គកឋិនទានមហាសាមគ្គីនេះ ឡើងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ សម្រាប់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ លោក វង សូត បាននាំយកនូវបច្ច័យ ចំនួន ៤២លានរៀល សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសិលារង្សី (វត្តថ្កូវ ឬ វត្តចាស់)។

ឯកឧត្តម វង សូត បានថ្លែងថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ មានឱកាសបានរូបធ្វើពិធីបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី និងសាសនាផ្សេងៗ។ អង្គកឋិនទាននេះ ដើម្បីជាការចូលរួមលើកស្ទួយ វិស័យពុទ្ធចក្រ និងអាណាចក្រ ដែលព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលបន្តកេរ្តិ៍ដំណែលតាំងពីបុរាណកាលមក ទុកសម្រាប់កូនចៅជំនាន់ក្រោយតរៀងមក ដល់ពេលបច្ចុប្បន្ននេះ។

តាមរយៈសទ្ធាជ្រះថ្លា ក្នុងការចូលរួមរបស់សម្ដេចមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ដើម្បីបន្តថែរក្សាទំនៀមទម្លាប់ដ៏ល្អប្រពៃនេះ លោក វង សូត និងលោកស្រី និងសហការី ក៏បានវេរប្រគេនបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស សម្រាប់ទុកកសាងសមិទ្ធិផលនានា ក្នុងវត្ត សិលារង្សី។

សូមជម្រាបថា ពិធីបុណ្យទាន គឺជាពិធីបុណ្យប្រពៃណី ព្រះពុទ្ធសាសនា មួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើ បន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក គឺពុំមានវត្តណាមួយត្រូវបានខកខានឡើយ។

ពិធីដង្ហែអង្គកឋិនទាន ទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យ តែងរៀបចំបរិក្ខាកឋិន មានដូចជា ត្រៃ ជីវ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗទៀត ដូចជា បាត ចាំស្រាក់ កាំបិត ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែរទៅទីអារាមដែលបានកំណត់ទុក៕