ឯកឧត្តម លី ចាណា ចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងឃុំរកាកោងទី១


ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លី ចាណា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស មន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងឃុំរកាកោងទី ១ និងឃុំរកាកោងទី ២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
សូមជម្រាបថា នាពេលកន្លងមក ប្រជាកសិករនៅក្នុងឃុំទាំង ២ ខាងលើ បានបង្កបង្កើនផលស្រូវប្រាំងលើផ្ទៃដី ចំនួន ៤០០ ហិកតា ។ បន្ទាប់ពីដំណាំស្រូវប្រាំងទាំងនោះ ត្រូវបានប្រមូលផលរួចរាល់ជាស្ថាពរ បងប្អូនប្រជាកសិករបានបន្តដាំដុះដំណាំស្រូវប្រាំងលើកទី ២ លើផ្ទៃដី ចំនួន ៣០០ ហិកតា បន្ថែមទៀត ហើយបច្ចុប្បន្នកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ។ ឆ្លើយតបភ្លាមៗទៅនឹងការខ្វះខាតទឹកស្រោចស្រពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្មរបស់ក្រសួង រៀបចំដំឡើង និងដំណើរការម៉ាសុីនបូមទឹកចល័តខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង ស្ថានីយបូមទឹកបណ្តែត (១២០សេះ) ចំនួន ០១ គ្រឿង និងម៉ាសុីនខ្នាតតូចរបស់សហគមន៍ ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកទៅសង្គ្រោះដំណាំស្រូវទាំងនោះ ។
នៅក្នុងពេលចុះពិនិត្យការងារនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យមន្ទីរបន្តយកចិត្តទុកដាក់ និងចុះតាមដានជាប់ជាប្រចាំនូវការងារបង្កបង្កើនផលនៅក្នុងឃុំទាំង ២ ខាងលើ និងបានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន ១.០០០ លីត្រ សម្រាប់កិច្ចដំណើរការអន្តរាគមន៍សង្គ្រោះស្រូវ ៕