ឯកឧត្តម សាយ សំអាល់ ទទួលជួប ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណជូនដល់ឯកឧត្តមឯកអគ្គរាជទូតសម្រាប់ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការជួយកសាងសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា ហើយឯកឧត្តមបានជម្រាបជូនភ្ញៀវអំពីលទ្ធផលនៃការធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយបានកែសម្រួលរចនាសម្ព័ន្ធ កែលម្អសមត្ថភាពស្ថាប័ន រៀបចំកសាងផែនការយុទ្ធសាស្រ្ត និងក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ធ្វើប្រតិភូកម្មមុខងារនិងភារកិច្ចទៅថ្នាក់ក្រោមជាតិ ពង្រឹងការត្រួតពិនិត្យការបំពុលបរិស្ថាន ការគ្រប់គ្រងសំណល់រឹង-រាវ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ផ្អែកលើលទ្ធផលនៃការធ្វើកំណែទម្រង់ដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុន ក៏ដូចជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបន្តជួយដល់វិស័យបរិស្ថាន និងធនធានធម្មជាតិក្នុងកម្រិតថ្មីមួយទៀត ដោយផ្តោតលើការកសាងនិងពង្រឹងសមត្ថភាពស្ថាប័ន ការជួយគាំទ្រដល់ដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ និងការអភិវឌ្ឍសហគមន៍តាមរយៈការបង្កើតមុខរបរថ្មី ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន និងការរកទីផ្សារសម្រាប់កសិផលរបស់ប្រជាសហគមន៍។ល។ ឯកអគ្គរាជទូតបានសម្តែងការអបអរសាទរចំពោះសមិទ្ធផលនានាដែលក្រសួង និងរាជរដ្ឋាភិបាលសម្រេចបានក្នុងការធ្វើកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍដោយចីរភាព និងជំរុញឱ្យមានការចូលរួមពីផ្នែកឯកជនប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម។ តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ JICA ឯកឧត្តមឯកអគ្គរាជទូតមានជំនឿយ៉ាងមុតមាំថា លិខិតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌច្បាប់ និងគោលការណ៍ណែនាំបច្ចេកទេសសំខាន់ៗនឹងត្រូវបានកែលម្អនិងបង្កើតឡើង ដើម្បីជួយជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍនៅកម្ពុជា។