អភិបាលខេត្តកណ្តាល អញ្ជើញដោះស្រាយករណីវិវាទការងារ រវាងកម្មករ និង ក្រុមហ៊ុនកាត់ដេរពីរនៅផ្លូវជាតិលេខ២១A


កណ្ដាល ៖ នៅថ្ងៃ៣រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានអញ្ជើញចុះសម្របសម្រួល ដោះស្រាយករណីវិវាទការងារ រវាងបងប្អូនកម្មករ និង ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ DIGNITY KNITTER LIMITED ឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ECO BASC FACTORY អ៊ីកូ បេស ហ្វេកធើរី ស្ថិតនៅផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខេត្ត និងធ្វើការដោះស្រាយ សម្របសម្រួល ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ផលប្រយោជន៍របស់បងប្អូនកម្មករ។ ឯកឧត្តមក៏ស្នើឱ្យបងប្អូនកម្មករ ត្រូវធ្វើការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយតាមនីតិវិធីនៃច្បាប់ ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ សូមមានការអត់ធ្មត់ និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយ ឱ្យបានចប់ជាស្ថាពរ។

បន្ទាប់ពីជួបកម្មកររួចមក ឯកឧត្តមអភិបាលខេត្តនិងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យ សម្ភារនៅក្នុងក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ DIGNITY KNITTER LIMITEDឌីកនើធី នីតធើរ លីមីតធីត និងក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ECO BASC FACTORY ៕