ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជប្រមាណ១៥០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារដែលរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវOM ៥១ ៥៤ ប្រមាណ១៥០តោន ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ បន្ទាប់ពី រងផលប៉ះពាល់ និងខូចខាតស្រូវ ក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។
ក្នុងឳកាសនោះ ក៍មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្កមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់បំផុត ពោលគឺទីណាមានទុក្ខលំបាកទីនោះមានសម្តេចទាំងទ្វេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចទាំងទ្វេ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយសម្តេចក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ បន្ថែមពីនេះ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឲ្យខានតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៍ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនអោយបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕