ឯកឧត្តម ឯម ច័ន្ទមករា ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើង ការប្រមាថលើជនមានពិការភាព!


បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួលទប់ស្កាត់ការរើសអើង ការប្រមាថលើជនមានពិការភាព។ ការស្នើឡើងរបស់រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បែបនេះក្នុងគឺធ្វើឡើងនៅក្នុងពិធីបើកសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព នៅខេត្តបាត់ដំបង។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយវិស័យពិការការភាពនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។
យើងមានបេសកកម្មរួមគ្នាមួយគឺ ៖ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។ នេះបើតាមការលើកឡើងបន្ថែមរបស់រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា
ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានរងឥទ្ធិពលនិងប៉ះពាល់ដោយគ្រោះមហន្តរាយទឹកភ្លៀងជាបន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ស្ថានភាពរស់នៅនិងការធ្វើអាជីវកម្មរបស់ប្រជាជនកម្ពុជាយើងនៅតំបន់មួយចំនួនទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត។ ក្នុងនោះក៏មានក្រុមគ្រួសារនិងសមាជិកដែលមានពិការភាពរងនូវផលប៉ះពាល់ពីគ្រោះមហន្តរាយនេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាថាជនមានពិការភាពជាកម្មវត្ថុអាទិភាពក្នុងការធ្វើអន្តរាគម និងសូមជួយកំណត់អត្តសញ្ញាណ ផែនទីស្នាក់នៅរបស់ជនមានពិការភាព ដើម្បីធានាថារាល់ព័ត៌មានអំពីគ្រោះហានិភ័យត្រូវបានដឹងមុននិងត្រូវបានសង្គ្រោះប្រកប ដោយសុវត្ថិភាព។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម យុន ឈុន្នីបានថ្លែងក្នុងឱកាសនោះថា ដើម្បីធានាដល់ការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការ ភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញ្ចនិងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណា ឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាព ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់_ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច » ។
ឯកឧត្តម យុន ឈុន្នី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យ ពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវក្នុងការស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខ សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។
ភាពរីកចម្រើននៃវិស័យពិការភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា ត្រូវបានគេសន្មត់ថាជាគោលនយោបាយលើកទឹកចិត្តដែលជាការ ជំរុញយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជាទៅដល់ក្រុមហ៊ុនវិនិយោគនានា ក្នុង នោះរួមទាំងការផ្តល់ឱកាសអាទិភាពសម្រាប់ជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារផងដែរ។ នេះជាការលើកបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម យុន ឈុន្នី។