លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ រាល់អ្នកដែលគិតថាខ្លួនបានប៉ះពាល់ជាមួយនឹងអ្នកដែលបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសហុងគ្រី អាចទៅស្វែងរកការធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម


ភ្នំពេញ ៖លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដល់អ្នកដែលគិតថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ រឺដោយប្រយោលជាមួយនឹងអ្នកដែលបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីពេលថ្មីៗនេះ សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។

 

លោកជំទាវបានគូសបញ្ជាក់បន្ថែមថា៖ “រាល់អ្នកដែលបានបម្រើការងារដោយផ្ទាល់ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ-១៩ នៅប្រទេសថៃកាលពីថ្ងៃម្សិលមិញនោះ បានទៅធ្វើតេស្តស្វែងរកវីរុសកូវីដ-១៩ ប្រមាណ ៦២៨នាក់រួចរាល់ហើយ ហើយលទ្ធផលគឺពុំមានវិជ្ជមានវីរុសកូវីដ-១៩នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកគាត់ត្រូវតែបន្តធ្វើការដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត ដោយត្រូវតាមដានសុខភាពខ្លួនឯងបន្ថែមទៀត។ ដោយឡែក រាល់អ្នកដែលបានប៉ះពាល់ដោយប្រយោល ឬគិតថាខ្លួនឯង បានប៉ះពាល់បន្តជាមួយនឹងអ្នកទាំង ៦២៨នាក់នេះ គឺអាចស្វែងរកការពិនិត្យសុខភាព ឬធ្វើតេស្តរកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការសង្ស័យ និងជ្រះស្រឡះក្នុងចិត្ត ប៉ុន្តែពួកគាត់ក៏ត្រូវតែតាមដានសុខភាពខ្លួនឯងចំនួន ១៤ថ្ងៃផងដែរ”។

ក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានជូនពរដល់ក្រុមការងារដែលធ្វើការងារពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រីនេះ ចៀសផុតពីជំងឺដ៏កាចសាហាវនេះផងដែរ។

គួររម្លឹកថា មានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីថ្ងៃម្សិលមិញ មានការផ្សព្វផ្សាយថា ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅប្រទេសថៃ បន្ទាប់ពីនោះក៏មានការប្រកាសដាក់ខ្លួនឱ្យនៅដាច់ដោយឡែក របស់ថ្នាក់ដឹកនាំកំពូលៗ របស់ព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ថ្មីទៀត ដែលធ្វើឱ្យតួលេខអ្នកជំងឺកំពុងសម្រាកព្យាបាលនៅសល់ចំនួនតែ ០៦នាក់ ប៉ុណ្ណោះ ហើយមិនមានការរកឃើញករណីវិជ្ជមានថ្មីនោះទេ៕