ឯកឧត្តមរដ្ឋមន្ដ្រី កើត រិទ្ធ៖ ការរួមគ្នាទប់ស្កាត់ និងប្រឆាំងឱសថខុសច្បាប់ ផលិតផលក្លែងក្លាយ គឺដើម្បីបម្រើប្រយោជន៍រួមរបស់សង្គមជាតិ


(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីកម្ទេចឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលមានចំនួនសរុប ជាង៥៤០តោន នៅទីលានចាក់សំរាមខណ្ឌដង្កោ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ព្រមទាំងលោក លោកស្រី ជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងភ្ញៀងជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ជាបញ្ហាសុខភាពសាធារណៈ និងជាអាទិភាពមួយដ៏សំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា ការរួមគ្នាពីមន្រ្តីអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺដើម្បីបម្រើប្រយោជន៍រួម ក្នុងការការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងបញ្ជៀសនូវហានិភ័យនានា ដែលបង្កឡើងដោយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់សម្រាប់សង្គមជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបន្ថែមថា ការផលិត ការនាំចេញ ការនាំចូល និងការចែកចាយឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ គឺជាបទល្មើសមួយ ដែលមានលក្ខណៈធ្ងន់ធ្ងរ។ ហេតុដូចនេះ បន្ថែមលើការដកហូត និងការកម្ទេចចោល នូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយខុសច្បាប់ មន្រ្តីអនុវត្តច្បាប់ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវផ្តន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធទាំងឡាយជាអាទិ៍ អ្នកនាំចូល និងអ្នកចែកចាយផលិតផល ឲ្យបានតឹងរឹង និងឲ្យបានត្រឹមត្រូវតាមប្រភេទ នៃបទល្មើសដែលកំណត់ក្នុងច្បាប់ ជាពិសេស ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីធានាការពារសុខមាលភាពរបស់ប្រជាជនកម្ពុជា និងដើម្បីកុំឲ្យបញ្ហានេះចេះតែកើតមាន និងរីករាលដាលឡើងបន្តទៀត។

ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អាជ្ញាធរដែនដី មន្រ្តីនគរបាលយុត្តិធម៌ រួមទាំងស្ថាប័នតុលាការ និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានកោតសសើរចំពោះការចូលរួម សហការយ៉ាងល្អប្រសើរពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ថា ឱសថអន់គុណភាព និងផលិតផលក្លែងក្លាយទូទៅខុសច្បាប់ដែលដុតកម្ទេចចោលនេះ មានចំនួន៦មុខ ក្នុងនោះមាន ផលិតផលឱសថ គ្រឿងសំអាង ថ្នាំកសិកម្ម បារីអេឡិចត្រូនិច ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ សរុបចំនួន៥៤០តោន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ដថា ផលិតផលក្លែងក្លាយ ត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ធជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើឲ្យខាត់បង់សេដ្ឋកិច្ចជាតិ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មិនត្រឹមតែបាននិងកំពុងការពារ លើកស្ទូយសុខុមាលភាពប្រជាជនកម្ពុជាប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឲ្យអ្នកវិនិយោគទាំងឡាយ នាំគ្នាគោរពច្បាប់ និងនាំចំណូលបង្កើនពន្ធជូនរដ្ឋផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងជាដៃគូ ភាគីស្ថាប័ន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធរបស់គណៈកម្មាធិការ ដែលបានចូលរួមសហការក្នុងកិច្ចប្រឹងប្រែងបម្រើការងារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕