រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ


កំពង់ឆ្នាំង ៖ នៅថ្ងៃ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃច័ន្ទួ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងវិមានឯករាជ្យខេត្ត រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧ ទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២០ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង ។

ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីមន្រ្តីសង្ឃខេត្តឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុ សិស្ស និង ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានសុន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថា ខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បីរម្លឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចដើម្បីទាមទា ឯករាជ្យជាតិឱ្យប្រទេសកម្ពុជា បានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទីដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្មអាយុជីវិត យ៉ាងអង់អាចក្លាហានបំផុតដើម្បីសង្គ្រោះ ជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាម គ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទ្ទីងទាំងអស់ក្នុងទិវាខួបលើក ទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពឱ្យបានគង់វង្ស ចូលរួមចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

ឯកឧត្តមអភិបាលក៏បានរម្លឹកដល់ប្រជាពលរដ្ឋ និង អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ សូមបន្តផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវនិងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង៕