រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា


កណ្ដាល ៖ នៅ ថ្ងៃ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្តសិស្សានុសិស្ស និង ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានប្រវត្តិសង្ខេប នូវព្រះរាជបេសកកម្ម ដើម្បីជាតិ មាតុភូមិ និងប្រជារាស្រ្តខ្មែរ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដ ម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកចេញពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង ក្នុងប្រវត្តិរវាងខ្មែរ និងបារាំង ត្រូវបានបញ្ចប់។

ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ វរ្ម័ន បានបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះប្រជារាស្រ្ត។ ប្រជារាស្រ្តខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ និងបានលើកព្រះអង្គជា វីរបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ ការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបូជាព្រះកាយពល ព្រះបញ្ញាញាណដ៏ថ្លៃថ្លា ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ព្រះមហាករុណាទិគុណរបស់ព្រះអង្គ បានចារឹកទុកក្នុងទំព័រមាស នៃប្រវត្តិសាស្រ្ត និងក្នុងក្រអៅបេះដូងរបស់កូនខ្មែរ ជាកូន ចៅ ចៅទួត ចៅលួត របស់ព្រះអង្គជានិរន្តរ៍តរៀងទៅ។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស បានធ្វើការសង្រួម គោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្នេហាជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង។ក្នុងពិធីនោះដែរក៏មានការលែងសត្វព្រាប និងបង្ហោះប៉ោងប៉ោងផងដែរ ៕