លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍


(កំពង់ចាម)៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ ខណៈជំងឺនេះបានចាប់ផ្តើមកម្រើកឡើងវិញ នៅក្នុងប្រទេសកម្ពុជា។

ការថ្លែងក្រើនរំលឹកបែបនេះនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈពេលដែលលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីប្រតិភូពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ខ្លួនឯងក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលមកដល់ក្នុងគ្រួសារ និងក្នុងសហគមន៍។

លោកជំទាវកិតិ្តសង្គហបណ្ឌិត បានបន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស គឺជារមណីយដ្ឋានបែបវប្បធម៌ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

លោកជំទាវកិតិ្តសង្គហបណ្ឌិត បានបន្តថា ទីអារាម ដែលជាទីកន្លែងរមណីយដ្ឋានបែបវប្បធម៌ផងនេះ ពិតណាស់ត្រូវការកសាងសម្បិត្តិផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គនៅក្នុង ព្រះវិហារនេះ និងសមិទ្ធផលជាច្រើនទៀត បានរួចរាល់ជាស្ថាពរហើយ ដែលសមិទ្ធិផលទាំងនេះ គឺជាការផ្ដួចផ្ដើមកសាងឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយមានសមិទ្ធផលជាច្រើនទៀតដែលកំពុងដំណើរការសាងសង់។

លោកជំទាវកិតិ្តសង្គហបណ្ឌិត បានបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងឡាយនេះនៅពេលសាងសង់រួចជាស្ថាពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមករៀបចំពុទ្ធាភិសេកនៅទីអារាមនេះ៕