សម្តេច សាយ ឈុំ៖ ព្រះពុទ្ធសាសនាបានចូលរូមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម


ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ សាលាអនុគណខណ្ឌ កុដិ និងស្រង់ព្រះសុគន្ធវារី ប្រគេនព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជម្រាប អង្គពិធីថា សមិទ្ធផលដ៏ធំធេងទាំងឡាយដែលរាជធានីភ្នំពេញសម្រេចបានទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រមិនគ្រាន់តែជាជ័យជម្នះដោយឡែករបស់រាជធានីភ្នំពេញតែប៉ុណ្ណោះទេ ប៉ុន្តែគឺនៅបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះរួម របស់ប្រទេសជាតិយើងក្នុងការកសាងអភិវឌ្ឍ និងការពារប្រទេសក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ខមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបន្តជម្រុញការអនុវត្តន៍វិស័យនានាដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ល។ ដោយឈរលើគោលការណ៍ច្បាស់លាស់ដើម្បីធានាសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រក្សាលំនឹងអត្រាប្ដូរប្រាក់ និងអត្រាអតិផរណាក្នុងកម្រិតទាប។ … វិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស និងដើរតួនាទីជាស្នូល​នៃវប្បធម៌សន្តិភាព សាមគ្គីភាព និងមិត្តភាព។ ជាមួយនោះដែរ ព្រះពុទ្ធសាសនាក៏ជាមាគ៌ាដ៏ប្រពៃក្នុងបំបាត់អំពើហឹង្សា ការប្រទូស្ដរ៉ាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអានាចារផ្សេងៗ។ ព្រះពុទ្ធសាសនានៅកម្ពុជា ធានាបាននូវសុខដុមនីយកម្មរវាងជំនឿ និងសាសនាទាំងអស់ ដោយគ្មានការរើសអើង និងគ្មានជំលោះសាសនាឡើយ។
សម្តេចប្រមុខរដ្ឋស្តីទី បានអំពាវនាវសូមសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ក៏ដូចជាជនរួមជាតិនៅទូទាំងប្រទេស ចូលរួម​អនុវត្តឲ្យកាន់តែសកម្មជាងទៀត នូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ដើម្បីកសាងប្រទេសជាតិយើងឲ្យមានការរីកចម្រើនឆាប់រហ័ស ដូចប្រទេស​នានានៅក្នុងតំបន់ ដែលប្រកបដោយអារ្យធម៌ សេចក្ដីស្រលាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀត។
សម្តេច ក៏បានអំពាវនាវផងដែរ ឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ “សិទ្ធិផ្ទាល់ខ្លួន” បោះឆ្នោតជូនគណបក្សណា ដែលបងប្អូនពេញចិត្ត និងដែលស្គាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដែលតែងតែនៅជាប់ជាមួយបងប្អូនក្នុងគ្រប់កាលៈទេសៈ។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាងរបស់ បងប្អូននៅថ្នាក់មូលដ្ឋាន និងនាំមកនូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន​ដែលបងប្អូនកំពុងរស់នៅ ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់អនាគត ។