អំណោយជាម៉ាស់ចំនួនជាង២លាន និងបរិក្ខារពេទ្យជាច្រើនទៀត បានបញ្ជូនទៅជួយមិត្តឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩


ភ្នំពេញ ៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលរួមមាន ម៉ាស់ចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តាមជើងយន្តហោះពិសេស ដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសរសេរថា កម្ពុជាបានរៀបចំអំណោយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យជាច្រើនទៀតនឹងបញ្ជូនចេញទៅជួយមិត្តឡាវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។ នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស។

គួរបញ្ជាក់ដែរថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន ម៉ាស់ចំនួន ២ ០០០ ០០០ ម៉ាស់ ក្រណាត់ចំនួន ១០០ ០០០ ម៉ាស់ N95 ចំនួន ២០ ០០០ វ៉ែនតាការពារ ចំនួន ២០ ០០០ សម្លៀកបំពាក់ការពារមួយឈុត ចំនួន ២០ ០០០ ឧបករណ៍វាស់កម្តៅចំនួន៥០០ របាំងការពារមុខ ចំនួន ២០ ០០០ ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ២០ ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ២០ ម៉្សៅថ្នាំបាញ់សម្លាប់មេរោគ 25គីឡូក្រាមក្នុង1ធុង ចំនួ ន ៥០០ ស្បែកជើងកវែង ចំនួន ១ ០០០ និង ទឹកសាប៊ូលាងដៃ ចំនួន ២ ០០០៕