រដ្ឋមន្រ្តីពាណិជ្ជកម្ម ប្តេជ្ញាគាំទ្រគ្រប់បែបយ៉ាងលើវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ


«វិស័យឯកជន ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ហើយក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាគាំទ្រគ្រប់បែបយ៉ាងលើការវិនិយោគរបស់វិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារជូនប្រជាជន»។ នេះជាការអះអាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងរាត្រីសមោលស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា នៅឯសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបទៅកាន់សមាជិកសភាពាណិជ្ជកម្ម និងតំណាងវិស័យឯកជនដែលបានចូលរួមនៅក្នុងពិធីថា ក្រសួងពាណិជ្ជកម្ម បានដាក់ចេញកម្មវិធីកំណែទម្រង់ជាច្រើន ដើម្បីសម្រួលដល់ធុរជន និងពាណិជ្ជករ ព្រមទាំងបានរៀបចំឲ្យមាន “វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន” រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់តួនាទីនិងការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍជាតិ។
«យើងបានង្កើតឲ្យមានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងកសាងសមត្ថភាពមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធ សំដៅដឹកនាំចរចា និងអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។
«ឥឡូវមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ កំពុងសហការដោះស្រាយរាល់បញ្ហានានា ដែលវិស័យឯកជនបានជួបប្រទេះ សំដៅលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងឆ្លើយតបរាល់តម្រូវការអទិភាពនៃទីផ្សារថ្មីៗ នៅក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងពហុភាគី» ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែម។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានផ្តល់អនុសាសន៍ចំនួន៥ ដល់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងាររួមមាន៖
– សភាពាណិជ្ជកម្ម ត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ រឺប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន។
– សភាពាណិជ្ជកម្ម ត្រូវខិតខំផ្សព្វផ្សាយពីគោលនយោបាយ និងស្ថានភាពរីកចម្រើនពិតរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។
– សភាពាណិជ្ជកម្ម ត្រូវជួយផ្តល់សេវាផ្សេងៗតាមការចាំបាច់ ដល់សភាពាណិជ្ជកម្មរាជធានី-ខេត្ត ដែលជាសាខារបស់ខ្លួន ដើម្បីធានាដល់ការបំពេញប្រតិបត្តិការដោយរលូន។
– សភាពាណិជ្ជកម្ម ត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់លេខបាកូដរបស់កម្ពុជា ដល់ម្ចាស់សិប្បកម្ម អាជីវកម្ម រោងចក្រ នៅតាមបណ្តារាជធានី-ខេត្ត។
– សភាពាណិជ្ជកម្ម ត្រូវសហការជាមួយក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជន ដើម្បីរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែរស់រវើក៕