អភិបាលខេត្តបាត់ដំបង ទទួលអំណោយពីសប្បុរសជនដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់


បាត់ដំបង៖ នៅព្រឹកថ្ងៃ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានទទួលអំណោយពីលោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភថវិកាចំនួន ៨លានរៀល ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងចែកអំណោយទាំងនេះដល់ជនរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន ដែលបានឧបត្ថម្ភជាថវិកា ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ក្នុងគ្រាដែលកំពុងតែជួបការលំបាកមួយរយៈពេលថ្មីៗនេះ ដែលនេះសបញ្ជាក់ពីការជួយគ្នាទៅវិញទៅមក។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ចំពោះទិន្នន័យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានប្រមាណជាង ៧ពាន់គ្រួសារ ហើយយើងបានចែកអំណោយដល់គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយសារទឹកជំនន់រហូតទៅដល់ជាង ១០ម៉ឺន ៥ពាន់គ្រួសារ រួចហើយ ៕