ផ្ទះទេវតាចំនួន០១ខ្នងត្រូវបានប្រគល់ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ចាម


កំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន រួមជាមួយសប្បុរសជន ម្ចាស់អំណោយ បានចុះទៅប្រគល់ផ្ទះទេវតា លេខរៀងទី១៦៩ ជូនដល់លោកយាយ ធន រ៉េត មានអាយុ៨៥ឆ្នាំ រស់នៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអំណោយឯកឧត្តម ម៉ៅ ហាសវណ្ណាល និងលោកជំទាវ ខាន់ ម៉ានីដា។
នៅក្នុងឱកាសនោះដែរ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ចែកជូនលោកតា លោកយាយ សិស្សានុសិស្ស ជនពិការ រួមមានសម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ រទេះរុញសម្រាប់ជនពិការចំនួន៣គ្រឿង និងថវិកាមួយចំនួន។
ដោយឡែកទុរគតជនចំនួន០៤គ្រួសារផ្សេងទៀត រស់នៅឃុំល្វេ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកសុីអុីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ជាច្រើនមុខ និងថវិកា៥០មុឺនរៀល។
សូមជម្រាបថា: កម្មវិធីផ្ទះទេវតា នៅតែបន្តសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ទៅទៀត ដើម្បើជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការលំបាកខ្លាំងក្នុងជីវភាព ជាពិសេសទុរគតជនជនចាស់ជរាគ្មានទីពឹងពិតប្រាកដ។