កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមុនីរ័ត្នណោងអម ក្នុងភួមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីព្រះអនុគុណស្រុក ចៅអធិការវត្ត ក្រុមការងារថ្នាក់ក្រសួង គណៈអភិបាលស្រុក តាជី យាយជី លោកយាយ លោកតា និងប្រជាពលរដ្ឋប្រមាណ មួយពាន់នាក់។
សមិទ្ធផលដែលត្រូវធ្វើបុណ្យពុទ្ធាភិសេកឆ្លងដាក់អោយប្រើប្រាស់នាពេលនេះរួមមាន ចាក់សាបក្នុងទីធ្លាវត្ត កសាងសាលាសំណាក់ ដាក់បង្គោលភ្លើង ធ្វើកញ្ចុស ធ្វើឈាបនដ្ឋាន ចាក់ដីក្នុងទីធ្លាវត្ត ជាវរថយន្តដឹកតុ រោងចំអិនអាហារ និងដាក់ពិដានម្នាងសិលា ដែលចំណាយថវិកាសរុបអស់ជាង ២៥៧លានរៀល ដោយថវិកាទាំងនេះបានទទួលពីសប្បុរសជនក្នុង និងក្រៅប្រទេស។
ឯកឧត្តម ថោង ខុន បានរំលឹកពីប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា ដែលបានរស់ឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ដោយបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តារ កសាង អភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តម ក៏បានរំលឹកថា ជាពុទ្ធសាសនិក ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ ធ្វើអំពើល្អ ស្រលាញ់អំពើល្អ លើកតម្កើងព្រះពុទ្ធសាសនា ដឹងគុណអ្នកដែលជួយសង្គ្រោះយើង ដឹងគុណថ្ងៃ៧ មករា និងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ថោង ខុន បានជម្រាបជូនពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពនយោបាយ និងធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ និងគិតគូរដល់ការលំបាក សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោបាយ សារាចរ និងគោលការណ៍ថ្មីៗជាច្រើន ដូចជា ការឥតគិតថ្លៃសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះតម្លៃអគ្គីសនី និងការតបណ្តាញអគ្គីសនីដល់គ្រប់ភូមិដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការធានាអោយអាជីវករលក់ដូរតាមផ្សារអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផើ្ញដល់ប្រជាពលរដ្ឋអោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៤ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឃុំឈូកខ្សាច់ ដែលមានលេខរៀងទី១។
ឯកឧត្តម ថោង ខុន បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនព្រះអនុគុណស្រុក ព្រះចៅអធិការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស្រុកបារាយណ៍ ព្រមទាំងបានប្រគេនបច្ច័យកសាងវត្តចំនួន ១០លានរៀល និងជូនសម្ភារៈ ថវិកាមួយចំនួនដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម។
ឯកឧត្តម ថោង ខុន អញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមុនីរ័ត្នណោងអម
