ឯកឧត្តម ថោង ខុន អញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមុនីរ័ត្នណោងអម


កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញ ​ជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅវត្តមុនីរ័ត្នណោងអម ក្នុងភួមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីព្រះអនុគុណ​ស្រុក ចៅអធិការវត្ត ក្រុមការងារ​​ថ្នាក់ក្រសួង គណៈអភិបាលស្រុក តាជី យាយជី លោកយាយ លោកតា និងប្រជា​ពលរដ្ឋ​ប្រមាណ មួយពាន់នាក់។
សមិទ្ធផលដែលត្រូវធ្វើបុណ្យពុទ្ធាភិសេកឆ្លងដាក់អោយប្រើប្រាស់នាពេលនេះរួមមាន ចាក់សាប​ក្នុង​ទីធ្លាវត្ត កសាងសាលាសំណាក់ ដាក់បង្គោលភ្លើង ធ្វើកញ្ចុស ធ្វើឈាបនដ្ឋាន ចាក់ដីក្នុងទីធ្លាវត្ត ជាវរថយន្ត​​ដឹកតុ រោងចំអិនអាហារ និងដាក់ពិដានម្នាងសិលា ដែលចំណាយថវិកាសរុបអស់ជាង ២៥៧លានរៀល ដោយថវិកាទាំងនេះបានទទួលពីសប្បុរសជនក្នុង និងក្រៅប្រទេស។
ឯកឧត្តម ថោង ខុន បានរំលឹកពីប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា ដែលបានរស់ឡើងវិញក្រោយ​ថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ​​កម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ដោយបានរំដោះប្រទេសជាតិពីរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត និងបានស្តារ កសាង អភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើន​ មក​​ដល់​​បច្ចុប្បន្ននេះទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តម ក៏បានរំលឹកថា ជាពុទ្ធសាសនិក ត្រូវ​ប្រកាន់​ខ្ជាប់នូវសច្ចធម៌ ធ្វើអំពើល្អ ស្រលាញ់អំពើល្អ លើកតម្កើងព្រះពុទ្ធសាសនា​ ដឹងគុណអ្នកដែលជួយ​សង្គ្រោះយើង ដឹងគុណថ្ងៃ៧ មករា និងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ថោង ខុន បានជម្រាបជូនពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការរក្សា​ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពនយោបាយ និងធ្វើអោយប្រទេសជាតិមាន​ការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ និងគិតគូរ​ដល់​ការលំបាក សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវគោលនយោ​បាយ សារាចរ និងគោលការណ៍ថ្មីៗជាច្រើន ដូចជា ការឥតគិតថ្លៃសេវាចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គោលនយោបាយបញ្ចុះ​តម្លៃ​អគ្គីសនី និងការតបណ្តាញអគ្គីសនីដល់គ្រប់ភូមិដែលមានតម្លៃថោក ការលើកលែងការបង់ថ្លៃចំពោះ​ប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការធានាអោយអាជីវករលក់ដូរតាមផ្សារអាច​ផ្ទេរសិទ្ធិ​កាន់​កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃដោយមិនមានកំណត់អាណត្តិ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផើ្ញដល់ប្រជាពលរដ្ឋអោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៤ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជានៅឃុំឈូកខ្សាច់ ដែលមានលេខរៀងទី១។
ឯកឧត្តម ថោង ខុន បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនព្រះអនុគុណស្រុក ព្រះចៅអធិការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស្រុកបារាយណ៍ ព្រមទាំងបានប្រគេនបច្ច័យកសាងវត្តចំនួន ១០លានរៀល និងជូនសម្ភារៈ ថវិកា​មួយ​ចំនួន​ដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួម។