ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវឡើងវិញនៅ ខេត្តបាត់ដំបង


បាត់ដំបង ៖នៅថ្ងៃ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ ក្រោយទទួលរងផងប៉ះពាល់ដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋរស់នៅភូមិសំបុកអក បានលើកឡើងថា ក្រោយពីទទួលបានស្រូវពូជ ១០០គីឡូក្រាម ក្នុង១គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមកពួកគាត់ចាប់ផ្តើមភ្ជួររាស់សាបព្រោះ ដើម្បីបង្កបង្កើនផល និងស្តារជីវភាពឡើងវិញ ក្រោយពីទទួលរងផលប៉ះពាល់ដោយ សារទឹកជំនន់ ។ តំណាងប្រជាពលរដ្ឋ នៅភូមិសំបុកអក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានផ្តល់ពូជស្រូវដល់ពួកគាត់ ដើម្បីធ្វើការសាបព្រោះឡើងវិញ។ ស្រូវពូជ ១០០គីឡូក្រាមនេះ គាត់ធ្វើការសាបព្រោះបានចំនួន ១ហិកតា ហើយអាចទទួលផលបានចាប់ពី៤ ទៅ ៥តោនផងដែរ ។

សូមជម្រាបជូនដែរថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ទាំង៨ ក្នុងខេត្តបាត់ដំបង ទទួលបានពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការភ្ជួររាស់ និងសាបព្រោះ បានចំនួន ៥.៨៣១ហិកតា ស្មើនឹង ៥៥,៥៣ភាគរយ ផងដែរ៕