អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កបង្កើនផលឡើងវិញទាំងដំណាំស្រូវ និងដំណាំរួមផ្សំ


(កំពង់ធំ)៖ ស្របពេលដែលប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល និងម៉ាស៊ីនសម្រាប់ដាំគ្រាប់ពូជ និងគ្រាប់ពូជបន្លែពីអង្គការដៃគូររបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ ការបង្ករបង្កើនឡើងវិញ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការដាំឡើងវិញប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើតាមបច្ចេកទេសកសិកម្ម។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ បានអញ្ជើញផ្តល់សម្ភារ ម៉ាស៊ីនដាំគ្រាប់ពូជដល់សហគមន៍កសិកម្ម១៥សហគមន៍ និងគ្រាប់ពូជបន្លែដល់បណ្តុំអាជីវកម្ម គម្រោងអាស្បាយចំនួន ៣បណ្តុំ ក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកអំពាវនាវដល់ប្រជាកសិករទាំងអស់ធ្វើការបង្ករបង្កើនផលទាំងដំណាំស្រូវ និងដំណាំរួមផផ្សំប្រដោយការប្រុងប្រយ័ត្ន ស្របតាមបច្ចេកទេសកសិកម្ម។

ឯកឧត្តម បន្តថា ការបង្កបង្កើនផលតាមបច្ចេកទេស គឺចាំបាច់បំផុតត្រូវមានការបណ្តុះបណ្តាលពីមន្រ្តីជំនាញ ជាពិសេសមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដូច្នេះមន្រ្តីទាំងអស់ត្រូវតែចុះដល់ មូលដ្ឋានស្រែស្រូវរបស់ប្រជាពលរដ្ឋ បង្ហាញពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ថ្នាំ ការប្រើប្រាស់ជី និងចុះទៅមើលជំងឺស្រូវ បន្លែប្រភេទសត្វល្អិតដែលបំផ្លាញដំណាំរបស់ ប្រជាពលរដ្ឋរាល់ពេលពួកគាត់ត្រូវការ ធ្វើយ៉ាងណាឲ្យបានទាន់ពេលវេលា។ ជាពិសេសបង្កើត និងចងក្រងប្រជាពលរដ្ឋជាសហគមន៍ ដើម្បីងាយស្រួលបណ្តុះបណ្តាល ដែលទទួលបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាពខ្ពស់។

ប្រជាពលរដ្ឋក្នុងសហគមន៍លើកឡើងដែរថា ការប្រើប្រាស់បច្ចេកទេសក្នុងការដាំដុះទាំងដំណាំរួមផ្សំក្តី ឬដំណាំស្រូវ ពិតជាទទួលបានទិន្នផលខ្ពស់ ចំណាយដើមទុនតិចជាង ការធ្វើតាមទម្លាប់ បុរាណ។ ជាពិសេសការជ្រើសរើស និងប្រើប្រាស់ពូជស្រូវសែនក្រូប ដែលរាជរដ្ឋាភិបាលកំពុងជម្រុញឲ្យ កសិករគ្រាប់រូបចងក្រងជាសហគមន៍ធ្វើការដាំដុះ និងចុះកិច្ចសន្យាទិញលក់ជាក្រុមហ៊ុន នាំចេញស្រូវ អង្កកម្ពុជា ពិតទទួលបានទិន្និផលខ្ពស់ និងតម្លៃសមរម្យ៕