ឯកឧត្ដម ជ្រុន ថេរ៉ាវីវ៉ាត ចុះពិនិត្យវឌ្ឍនភាពនៃការលើកកម្ពស់អនាម័យជនបទនៅខេត្តក្រចេះ


ក្រចេះ ៖ ឯកឧត្ដម ជ្រុន ថេរ៉ាវីវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះ ពិនិត្យវឌ្ឍនភាពនៃការលើកកម្ពស់អនាម័យជនបទនៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការលើកកម្ពស់អនាម័យជនបទនៅពេលនោះ ឯកឧត្ដម ជ្រុន ថេរ៉ាវីវ៉ាត បានឱ្យដឹងថា ដោយផ្អែកលើគោលដៅអភិវឌ្ឍ សហស្សវត្សរ៍ជាតិលើ វិស័យអនាម័យជនបទនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៍គ្រប់រូបត្រូវទទួលបាន សេវាផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យ ប្រកបដោយនិរន្ដរភាព។

ឯកឧត្ដមបញ្ជាក់ថា មន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូអភិវឌ្ឍនានាត្រូវធ្វើការចែក រំលែកបទពិសោធន៍ពាក់ព័ន្ធ និងបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារ និង ធ្វើការពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងស្ថាប័ន អង្គភាព អង្គការ សហគមន៍ ដែលពាក់ព័ន្ធចុះពិនិត្យការផ្គតផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ព្រមជាមួយការ អប់រំពួកគាត់ឱ្យយល់ពីភាពចាំបាច់នៃការធ្វើអនាម័យ ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព បំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់និងធានាយ៉ាងណាឱ្យពួកគាត់ក្លាយជា មនុស្សពេញវ័យដែលមានសុខភាពល្អ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្តែងការកោតសរសើរ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ មន្ទីរ អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែល កំពុងអនុវត្តន៍ការងារផ្គត់ផ្គង់ទឹកស្អាតបានយ៉ាងល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា៕