កិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាន ភ្ជាប់ជាមួយការជម្រុញផ្សព្វផ្សាយយុទ្ធនាការទស្សនាអាស៊ានខួបលើកទី៥០ឆ្នាំ


(Visit ASEAN@50) និងការផ្សព្វផ្សាយអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ត្រូវបានប្រារព្វពិធីបើក ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ព្រមទាំងវត្តមានដ៏កិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន នៅ
ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅសៀមរាបអង្គរ កម្ពុជា។
ឯកឧត្តម ទិត ចន្ថា ក្នុងនាម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់ប្រតិភូទាំងអស់ពីប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវត្តមានដែលបានចូលរួម ដែលបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជម្រុញផ្សព្វផ្សាយអាស៊ាន។
ឯកឧត្តម បានលើកឡើងថា អាស៊ានជាសហគមន៍តែមួយដែលមានឱកាស ចក្ខុវិស័យនិងអត្តសញ្ញាណតែមួយ។ ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ 2015 នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងរបៀបវារៈនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងអាស៊ាន។
នៅក្នុងបរិបទពិភពលោក ទេសចរណ៍អាស៊ានបានបង្ហាញឱ្យឃើញជាផ្នែកមួយនៃវិស័យនាំមុខគេ និងការរីកលូតលាស់លឿនបំផុត។ ប៉ុន្មានឆ្នាំមកនេះ, តំបន់អាស៊ាន បានបង្ហាញនូវកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លា។ អង្គការទេសចរណ៍ពិភពលោក បានរាយការណ៍ថាចំនួនទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ៨%ក្នុងឆ្នាំ២០១៦ ខ្ពស់ជាងកំណើនជាមធ្យមជាសកលដែលមាន៣%។
ប្រមុខដឹកនាំអាស៊ានបានប្រកាសថាឆ្នាំ២០១៧ ជាឆ្នាំសំខាន់មួយដើម្បីអបអរខួបលើកទី៥០របស់អាស៊ានដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នេះ “Visit ASEAN@ 50: Golden Celebration 2017” ត្រូវបានដាក់ឱ្យដំណើរការដោយ
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅខែមករាឆ្នាំ២០១៦ ដោយមានបំណងបង្ហាញភាពសម្បូរបែបនៃវប្បធម៍, ធនធានធម្មជាតិ, ភាសា, មនុស្សនិងជាតិសាសន៍នៃតំបន់អាស៊ាន ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ានតាមរយៈការបង្កើនការផ្សព្វផ្សាយអាស៊ានជាគោលដៅទេសចរណ៍តែមួយ និងជំរុញការរំឮកខួបលើកទី៥០របស់អាស៊ាន។
កម្ពុជាបានលើកឡើងអំពីពីធីបុណ្យល្អបំផុតរបស់ខ្លួន រួមមានទាំងអង្គរសង្ក្រាន្ត ពិធីបុណ្យសមុទ្រ ពិធីបុណ្យទន្លេ, បុណ្យអុំទូក និងការរត់ពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្តជាមួយនឹងបទពិសោធន៍មិនអាចបំភ្លេចបាន រួមមាន ការទស្សនាព្រះអាទិត្យលិចនៅអង្គរ ស្នាមញញឹមកម្ពុជា មុជទឹកនៅកោះរ៉ុង ទស្សនាសត្វផ្សោតទន្លេមេគង្គនិងការទស្សនាសត្វស្លាបនៅបឹងទន្លេសាប។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា “អង្គរសង្រ្កាន្ត” ត្រូវបានជ្រើសរើសជាពិធីបុណ្យដ៏ល្អបំផុតមួយក្នុងចំណោមពិធីបុណ្យដែលល្អបំផុតទាំង៥០ (ASEAN’s Best 50 Festivals) ដែលអាស៊ានបានជ្រើសរើសផ្សព្វផ្សាយសម្រាប់អបអរសាទរខួបទី៥០ ឆ្នាំ នៃការបង្កើត “សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍” ១៩៦៧-២០១៧ នៅក្នុងក្របខណ្ឌនៃយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន២០១៧ (VISIT ASEAN@50 campaign) ដោយផ្អែកលើ “គុណតម្លៃ” ក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទំលាប់ តាមរយៈការអប់រំ (Educating) ការចូលរួម (Participating and Celebrating) និងការកម្សាន្តរីករាយ (Enjoying and having Fun) នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្នុងនាមជាមហាគ្រួសារខ្មែរជាមួយមិត្តភក្តិអាស៊ានប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងសុខដុមនីយកម្មក្នុងតំបន់។