អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ ២០០ ក្នុងក្រុងព្រះសីហនុ


ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយផ្លូវលេខ ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ផ្លូវលេខ ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្នើនឹង ១៥៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅជាក់ស្តែងចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះបិទទ្វារចោល៥៩ខ្នង ផ្ទះលក់ឱ្យជនបរទេសចំនួន ០៣ខ្នង ដីទំនេរចំនួន ០២ឡូត៍ឭ សំណង់គ្រោងដែក ០២ និងសំណង់បេតុង០២។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុង មានប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យ អតីយុទ្ធជនក្នុងនោះមានជនបរទេសជាដើម បើកអាជីវកម្មផ្សេងៗ ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារ ណ: ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។ ក្នុងគម្រោងផែនការរបស់រដ្ឋបាលខេត្តផ្លូវលេខ ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំធ្វើការពង្រីក និងកែលម្អសោភណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវលេខ២០០ ជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ត្រង់រង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ យើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ ។ ចំពោះមុខយើងនឹងធ្វើការជួសជុលពង្រីកកែលម្អសោភណភាពផ្លូវលេខ២០០នេះ ព្រោះផ្លូវនេះជាប់នឹងរបងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ អាចជួយសម្រួលចរាចរណ៍ការកកស្ទះ និងការដឹកជញ្ជូនអ្នកជំងឺបានលឿន ឆាប់រហ័ស ករណីមានការសង្រ្គោះបន្ទាន់ ។

ឯកឧត្តមបន្តថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យរដ្ឋបាលខេត្តសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការអភិវឌ្ឍមន្ទីរពេទ្យរបស់យើងឱ្យបានធំទូលាយ ទំនើប មានសោភណ ភាព ដើម្បីបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ។ មន្ទីរពេទ្យមានអត្ថប្រយោជន៍ ក្នុងបុព្វហេតុបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងក្រុង ខេត្តព្រះសីហនុរបស់យើង ។

​ឯកឧត្តម បន្តថា ការរៀបចំពង្រីក និងកែលម្អសោភណភាពផ្លូវលេខ ២០០ គឺក្នុងគោលបំណងធំចំនួន ០៤ ដូចខាងក្រោម៖ ១.លើកស្ទួយសោភណភាពទីក្រុង។ ២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រយោជន៍សាធារណៈ។ ៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល។ ៤.កាត់បន្ថយការយកទីតាំងសាធារណៈ មកប្រព្រឹត្តអំពើអាណាចារ និងដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ ៕