សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​​បេតិក​ភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ​ របស់អង្គការយូណេស្កូ


ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជី​​បេតិក​ភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ​ របស់អង្គការយូណេស្កូ។

នៅលើផេកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា នៅទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៤ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិរបស់ អង្គការយូណេស្កូ(៣០ វិច្ឆិកា ២០​១៦-៣០ វិច្ឆិកា ២០២០) នៅទីក្រុង អា​ឌី​ស អាបាបា ប្រទេសអេត្យូពី។ សម្តេចតេជោគូសបញ្ជាក់ថា ចាប៉ីដងវែង ជាឧបករណ៍​តន្ត្រី​វ័យ​ចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទ​អង្គរវត្តផង​ដែ​រ​។ ជាមួយគ្នានេះ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើត​បទ​ថ្មី​ៗ​ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ​ដ​ល់​​ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏អរគុណដល់ព្រឹទ្ធាចារ្យ​ សិ​ល្ប​​ករ​ចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះ ឱ្យ​បានគង់​វង្ស​ និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែង​ក្នុងការសិក្សា​ស្រាវ​ជ្រា​វក៏ដូចជា រៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់​កម្ពុជា​មួ​យ​​ចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចតេជោក៏សូមឱ្យបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិ​បេ​តិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្ស ជាបន្តបន្ទាប់ទៀត៕