ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាករណីឆ្លងវីរុសកូវីដ-១៩ នៅពេលនេះគឺជាករណីធ្ងន់ធ្ងរណាស់


ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហៅករណីឆ្លងជំងឺកូវីដ-១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ គឺជារឿងធ្ងន់ធ្ងរណាស់ ដែលមិនធ្លាប់មាននៅកម្ពុជារយៈពេលជាង១១ខែមកនេះ។ នេះបើតាមឃ្លីបសម្លេងរបស់សម្តេចតេជោ ដែល AKP បានទទួលនៅយប់ថ្ងៃនេះ។

 

តាមរយៈសារសម្លេងដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ៖ “ខ្ញុំសូមអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្ទាល់ និងប្រយោល ត្រូវប្រញាប់ចូលខ្លួនដើម្បីមកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយចំពោះការធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានម៉ត់ចត់បំផុត។ ខ្ញុំសូមជម្រាបផងដែរថា គិតរហូតត្រឹមយប់នេះ គឺមានមនុស្សចំនួន៨នាក់ហើយ ដែលបានឆ្លងវីរុសពីព្រឹត្តិការណ៍នេះ។ ខ្ញុំសូមលើកទឹកចិត្ត និងបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ ហើយកុំព្រួយបារម្ភចំពោះការចំណាយផ្សេងៗ ទាំងការធ្វើតេស្ត និងការចាយវាយផ្សេងក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយក្រសួងសុខាភិបាលឱ្យសោះ ព្រោះរាជរដ្ឋាភិបាលនឹងធានារ៉ាប់រងទាំងស្រុង”។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការផ្តល់សិទ្ធិដល់រដ្ឋមន្រ្តីនានា នៅតាមស្ថាប័នរដ្ឋក្នុងការចាត់ចែងក្នុងការចាត់ឱ្យមន្ត្រីរបស់ខ្លួនត្រូវបម្រើការងារពីចម្ងាយ សម្រាប់អ្នកដែលស្ថិតក្នុងភាពសង្ស័យ និងអាចបិទផ្នែកណាមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន និងអភិបាលរាជធានី-ខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្ន នូវភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ-១៩ ហើយក្រសួងអប់រំក៏មានសិទ្ធបិទ ឬផ្អាកសាលារៀនណាដែលមានការសង្ស័យនោះផងដែរ។

ជាចុងក្រោយ សម្តេចតេជោ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវក្រោកឈរឡើងទាំងអស់គ្នា ប្រឆាំងនឹងមេរោគកូវីដ-១៩នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង ៣ ០០០នាក់ ដែលពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគាររួចហើយ៕