លទ្ធផលធ្វើតេស្តកូវីដ១៩ លើកទី១ របស់សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពារសរុបចំនួន៩៤នាក់ អវិជ្ជមានទាំងអស់


លទ្ធធ្វើតេស្តរកវីរុសកូវីដ១៩ លើសំណាករបស់សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពាររបស់សម្តេច ដែលមនុស្សសរុប៩៤នាក់ អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើតាមការបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើលើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់»

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាបន្តទៀត ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម នៅតែបន្តអំពាវនាវបងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ រួមទាំងកងការពាររបស់សម្តេច បានជាប់ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ១៩ ជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយសម្តេចបានចូលរួមប្រជុំជាមួយលោក ឆែម សាវុធ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ៕