ក្រុមយុវជនបង្កើតទិសស្លោក«ស្អាត ជាទម្លាប់ថ្មី» ដើម្បីជំរុញដល់ការចូលរួមការសម្អាតបរិស្ថាន


ទិសស្លោកគន្លឹះថ្មីមួយ គឺ«ស្អាត ជាទម្លាប់ថ្មី» បាននិងកំពុងឆ្លើយតបទៅលើបញ្ហាបរិស្ថានដែលសំដៅលើការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ផង ព្រមទាំងការប្រតិបត្តិនូវការរក្សាក្បួន អនាម័យស្អាតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ផង។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ទិសស្លោក«ស្អាត ជាទម្លាប់ថ្មី» តាមរយៈកម្មវិធីយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ នឹងជំរុញការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានស្អាតនៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត។

ថ្លែងក្នុងកម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើងនៅទីស្តីក្រសួងបរិស្ថាន នាចុងសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់ថា យុវជន គឺជាបុគ្គលគំរូ ដើម្បីនាំមកនូវភ្នំពេញស្អាត និងសាលារៀនស្អាត ហើយទិសស្លោក «ស្អាតជាទម្លាប់ថ្មី» ជាបុព្វហេតុដល់ការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីការសម្អាតអនាម័យ បរិស្ថាន ស្របពេលស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកល។ ឯកឧត្តម បន្តថា «គោលបំណងរបស់យុទ្ធនាការភ្នំពេញស្អាត គឺប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមមួយ គឺការរួមចំណែកលើកកម្ពស់បរិស្ថានជាពិសេសបញ្ហាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ។»

សូមបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ នៃយុទ្ធនាការភ្នំពេញស្អាត ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមយុវជន ក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយអំពីបញ្ហាប និងចំណេះដឹងផ្នែកបរិស្ថាន ពិសេសលើបញ្ហានៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ សាលារៀន និងកន្លែងធ្វើការងារ ជាដើម។

យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត ទទួលបាននូវសំឡេងគាំទ្រ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាសក្ខីកម្មសបញ្ជាក់ឱ្យឃើញពីស្មារតីនៃការទទួលខុសត្រូវ ការស្រឡាញ់ ការចូលរួមសម្អាត ការថែរក្សាបរិស្ថាន ក្នុងបុព្វហេតុដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង អនាម័យ និងសុខភាពសាធារណៈ ដែលជាក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការឈានទៅរកកម្ពុជាគ្មានសំរាមរាយប៉ាយ។

បើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ៤លានតោន ក្នុងនោះ ៦៥ភាគរយ ជាសំណល់សិររីរាង្គ និងប្រមាណ២០ភាគរយ ជាសំណល់ប្លាស្ទិក ចំណែកនៅសេសសល់ពីនេះជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ គឺមានត្រឹមតែប្រមាណ៥១ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុតចោល ជាដើម៕