សម្តេចតេជោ ហ៊ុន សែន៖ ថ្លៃធ្វើតេស្តនិងព្យាបាលជំងឺកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ជាបន្ទុករបស់រាជរដ្ឋាភិបាល


(ភ្នំពេញ)៖ ចំពោះការធ្វើតេស្ត និងថ្លៃព្យាបាលជំងឺកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធនិងព្រឹត្តិការណ៍ដែលសម្ដេចប្រសិទ្ធនាមឲ្យថា ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» គឺជាបន្ទុករបស់រាជរដ្ឋាភិបាល។

ការថ្លែងរបស់សម្ដេចបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។

ក្រៅពីការធ្វើតេស្ត និងព្យាបាលដោយមិនគិតថ្លៃ សម្ដេចតេជោ ក៏បានបន្ថែមផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលត្រូវធ្វើចត្តាឡីស័កក្នុងមូលហេតុពាក់ព័ន្ធនិងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះក៏ត្រូវបានរដ្ឋជួយឧបត្ថម្ភសម្រាប់ការហូបចុក ទីកន្លែងធ្វើចត្តាឡីស័ក និងថវិកាដើម្បីជួយដល់គ្រួសារជនក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័កនូវទឹកប្រាក់ចំនួន២ម៉ឺនរៀលក្នុងមួយថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងអាចនឹងបញ្ចេញថវិកាជាតិ វាមិនច្រើនទេប្រើប្រៀបធៀបយើងកំពុងជួយប្រជាជន ៣លាននាក់ ដែលមាន៧៦ម៉ឺន គ្រួសារនោះវាមិនធំទេ។ អីចឹងយើងធ្វើកិច្ចការងារនេះទៅ ដោះស្រាយបញ្ហានេះ វាមិនដួលរលំសេដ្ឋកិច្ចកម្ពុជាទេ។ ហើយយើងធ្វើដោយមិនមានការរើសអើង អីទាំងអស់នរណាក៏ដោយឲ្យតែមានជំងឺ យើងផ្គត់ផ្គង់ថ្លៃព្យាបាលឲ្យទាំងអស់។ ហើយយើងពិនិត្យព្យាបាល ដោយមិនយកប្រាប់ទេ សូមបញ្ជាក់លើចំណុចនេះឲ្យបានច្បាស់ អ្នកដែលមកធ្វើតេស្តក៏អត់បង់ថ្លៃ ប្រជាពលរដ្ឋរបស់យើងអត់ត្រូវបង់ថ្លៃទេ។ នរណាក៏ដោយពេទ្យណាក៏ដោយ ដែលទាមទារឲ្យមានការបង់ថ្លៃគឺជាកំហុស»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ការបញ្ចេញថិកាជាតិជួយដល់ប្រជាពលរដ្ឋប្រមាណ៣លាននាក់ ដែលស្មើនិង៧៦ម៉ឺនគ្រួសារនេះ គឺមិនបានធ្វើឲ្យរដ្ឋមានបញ្ហាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចឡើយ។ តែជាការជួយការពារប្រទេសកម្ពុជា ចេញពីការរាលដាលក្នុងសហគមន៍ធ្ងន់ធ្ងរពីជំងឺកូវីត១៩។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីត១៩ ពីព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» មានចំនួន១៤នាក់ហើយ។ ដោយនៅក្នុងនៅមានប្រជាពលរដ្ឋប្រមាណ៣០០០នាក់កំពុងបន្តធ្វើតេស្ត រកជំងឺកូវីត១៩៕