ពិធីសំណេះសំណាលនិងផ្សព្វផ្សាយខឹ្លមសារខួបអនុស្សាវរីយ៍លើកទី៤២ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ធ្នូ ២០២០)


កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីសំណេះសំ ណាល និងផ្សព្វផ្សាយខ្លឹមសារ ខួបអនុស្សាវរីយ៍លើកទី៤២ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ១៩៧៨-​ ២ ធ្នូ ២០២០ កាលពីថ្ងៃ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិ ក សមាជិកា រណសិរ្សខេត្តកំពង់ឆ្នាំងផងដែរ។

​ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា រណសិរ្ស ថ្ងៃ២ធ្នូគឺជាប្រវត្តិសាស្រ្តចរឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ តែរណសិរ្ស២ធ្នូ នូវបានជួយស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជម្នះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរបស់មាតុភូមិកម្ពុជា។ ប្រជាជនកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ជ័យជម្នះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ«នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ»។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះដែរប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំ និងកសាងប្រទេសឱ្យបានរីកចម្រើនថែមទៀត។

ឯកឧត្តមបានអំពាវនាវប្រគេនដល់ព្រះសង្ឃមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង៕