ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនដឹកជញ្ជូនUBER Meeting with UBER


នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុមមកពីក្រុមហ៊ុនដឹកជញ្ជូនUBER ដែលរួមមាន៖ លោក Sam Bool នាយកគ្រប់គ្រងទូទៅផ្នែកពង្រីកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Ben Brooke ផ្នែកទំនាក់ទំនងសាធារណៈសម្រាប់ទីផ្សារកំពុងលេចធ្លោ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក Valentin Vermersch នាយកផ្នែកគ្រប់គ្រងកម្មវិធីអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
UBER បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរជាមួយនឹងអ្នកដំណើរតាមរយៈកម្មវិធីស្មាតហ្វូន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការគាំទ្រចំពោះក្រុមហ៊ុននេះ និងបានសន្យាធ្វើការជាមួយក្រុមហ៊ុននេះក្នុងការដាក់ចេញនូវបច្ចេកវិទ្យានេះសម្រាប់វិស័យដឹកជញ្ជូន ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដំណើរទូទៅ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។